(ក្រុងឡុងដ៍)៖ ការប៉ះគ្នារវាងអង់គ្លេស និងស្កុតឡេន បានក្លាយជាជំនួបធំលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បើទោះបីជាប្រទេសទាំងពីរនេះស្ថិតនៅជិតគ្នាយ៉ាងណាក៏ដោយ។

អង់គ្លេស នឹងត្រូវបើកទ្វារកីឡដ្ឋាន Wemley ដែលស្ថិតក្នុងទីក្រុង London របស់ពួកគេដើម្បីស្វាគមន៍ស្កុតឡេនរាត្រីនេះ ពីការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល D ក្នុងព្រឹត្តិការណ៍ Euro 2020 ដែលមាន ១១ប្រទេសសហការគ្នាធ្វើម្ចាស់ផ្ទះ។

ក្រុមរបស់លោក Gareth Southgate នឹងកក់កៅអីឡើងទៅវគ្គ ៤ក្រុមជាមួយអ៉ីតាលី ប៊ែលហ្សិក និងហូឡង់ផងដែរ ប្រសិនបើអាចយក ៣ពិន្ទុបានពីស្កុតឡេននៅរាត្រីម៉ោង ២៖០០នាទី (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ដ្បិតពួកគេទើបរកបាន ៣ពិន្ទុដំបូងនៅពេលយកឈ្នះក្រូអាត ១-០ កាលពីថ្ងៃបើកឆាកប្រកួតពូល D គ្រាដែលស្កុតឡេន ចាញ់សាធារណរដ្ឋឆេក ២-០។

ដូចគ្នានោះដែរ អ្នកគាំទ្រខ្ពស់បំផុតប្រមាណ ២២,៥០០នាក់នឹងមានវត្តមានក្នុងកីឡដ្ឋាន Wembley រាត្រីនេះ ដែលស្មើនឹង ២៥%នៃសមត្ថភាពផ្ទុករបស់កីឡដ្ឋានវ័យចំណាស់មួយនេះ ដែលជាការប្រកួតលើកទី១១៥ នៅកីឡដ្ឋាន Wembley និងជាការប្រកួតធំៗលើកទី១០០ ផងដែរ។ កីឡដ្ឋានធំប្រចាំប្រទេសអង់គ្លេសមួយនេះ ក៏នឹងត្រូវប្រើ ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 លើកទី១៦ នេះទៀតផង៕