(បរទេស)៖ នៅលើភពផែនដីយើងនេះ គឺសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិយ៉ាងច្រើនអនេក ក្នុងនោះធនធានព្រៃឈើ ពិសេសព្រៃត្រូពិច ឬព្រៃរងទឹកភ្លៀង គឺជាធនធានដ៏សំខាន់បំផុតមួយសម្រាប់ទ្រទ្រង់ជីវិតទាំងឡាយ។ តើអ្នកដឹងទេថា ព្រៃត្រូពិចដែលធំជាងគេនៅលើពិភពលោកមានទីតាំងនៅឯណា?

លោកអ្នកច្បាស់ជាធ្លាប់ឮពាក្យ «អាម៉ាហ្សូន Amazon» នៅលើបណ្ដាញសង្គម ឬនៅតាមទីកន្លែងនានាជាក់ជាមិនខាន ដោយឈ្មោះនេះក៏មានប្រើនៅលើម៉ាកកាហ្វេរបស់ថៃ និងក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំរបស់សហរដ្ឋអាមេរិកផងដែរ ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមិនបានដឹងថា វាជាឈ្មោះដើមរបស់ព្រៃត្រូពិចដ៏ធំជាងគេនៅលើពិភពលោកនោះឡើយ។

ព្រៃអាម៉ាហ្សូនដ៏ធំនេះ គឺមានទីតាំងនៅទ្វីបអាមេរិកខាងត្បូង ដែលគ្របដណ្ដប់លើផ្ទៃដីសរុប ៥,៥០០,០០០ គីឡូម៉ែត្រការ៉េ ដោយគ្របដណ្ដប់លើប្រទេសប្រេស៉ីល ៦០% លើប្រទេសប៉េរូ ១៣% ប្រទេសកូឡុំប៊ី ១០%។ ចំណែកបរិមាណ ១៧% ទៀត គឺស្ថិតនៅក្នុងដែនដីប្រទេសបូលីវី ប្រទេសអេក្វាទ័រ ដែនដីហ្វ្រង់ក្វាណារបស់បារាំង (French Guiana) ប្រទេសហ្គីយ៉ាន (Guyana) ប្រទេសសូរីណាម (Suriname) និងប្រទេសវ៉េណេស៊ុយអេឡា។

ព្រៃអាម៉ាហ្សូន ក៏ជាជម្រកជីវចម្រុះដ៏ធំជាងគេបំផុតនៅលើពិភពលោកផងដែរ ហើយប្រសិនបើនិយាយអំពីប្រភេទដើមឈើវិញនោះ គឺមានរហូតដល់ទៅប្រមាណ ១៦,០០០ ប្រភេទ ស្មើនឹងចំនួនសរុប ៣៩០ ពាន់លានដើមឯណោះ។

គេបានចាត់ទុកថាព្រៃរងទឹកភ្លៀងដ៏ធំជាងគេមួយនេះ មានបរិមាណស្មើនឹងជាងពាក់កណ្តាលនៃព្រៃរងទឹកភ្លៀងនៅលើភពផែនដី។ ដោយសារបរិមាណព្រៃរងទឹកភ្លៀងដ៏ធំសម្បើមនេះហើយ ទើបបង្កើតឱ្យមានអាងស្តុកទឹកដ៏មួយមហិមាមួយផងដែរ ខណៈអាងស្តុកទឹកធម្មជាតិនេះត្រូវបានគេហៅឈ្មោះដូចគ្នាថា «អាងអាម៉ាហ្សូន» ដែលបានគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧,០០០,០០០ គីឡូម៉ែត្រក្រឡា។

អាងអាម៉ាហ្សូនខាងលើនេះ ក៏ជាប្រភពទឹកដ៏សំខាន់របស់ទន្លេអាម៉ាហ្សូន ដែលហូរធ្លាក់ទៅដល់មហាសមុទ្រអាត្លង់ទិករៀងរាល់ឆ្នាំ ដោយនាំទាំងដីល្បាប់ដ៏មានជីវជាតិ និងទឹកសម្រាប់ឱ្យប្រជាជននៅតាមដងទន្លេបានប្រើប្រាស់យ៉ាងសម្បូរសប្បាយហូរហៀផងដែរ៕