(ភ្នំពេញ)៖ នៅពេលនេះកម្ពុជាបានបាត់បង់ធនធានផ្នែកសិល្បៈបុរាណមួយរូបទៀតហើយ ដោយលោកព្រឹទ្ធាចារ្យអាយ៉ៃជើងចាស់ដែលមហាជនខ្មែរស្គាល់ថា តា សាឡាត់ បានទទួលមរណភាពនៅព្រឹកនេះ ដោយសារជំងឺសួត និងលើសឈាម ក្នុងជន្មាយុ៨០ឆ្នាំ។

យោងតាមព្រះតេជគុណ សូរ សៀង ដែលជាអ្នករាប់អានជិតស្និទ្ធ នឹងគ្រួសារលោកតាសាឡាត់ បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា លោកតា សាឡាត់ ដែលមានឈ្មោះពិតថា «ម៉ក់ កាណេន» បានទទួលមរណភាពនៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយសារជំងឺសួត និងលើសឈាម។

ព្រះតេជគុណ បានបន្តទៀតថា លោកតា សាឡាត់ ត្រូវបានបញ្ចូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ដោយត្រូវដាក់អុកស៉ីសែនផងនោះ ទើបមិនអាចជួយសង្គ្រោះបាន ហើយនៅព្រឹកនេះ ក៏បានទទួលមរណភាពតែម្ដង។ ជាមួយគ្នានេះ សពកំពុងតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ១៣៧ ផ្លូវ១១B ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

គួរជម្រាបថា ស្ទើរពេញមួយជីវិតទៅហើយ ព្រឹទ្ធាចារ្យសាឡាត់ ប្រើប្រាស់ជំនាញសិល្បៈបុរាណអាយ៉ៃ ដើម្បីបម្រើអារម្មណ៍មហាជនខ្មែរប្រុសស្រី។ កេរ្តិ៍ឈ្មោះជាសិល្បករ អាយ៉ៃរបស់លោក បានល្បីសុះសាយ មានការទទួលស្គាល់ពីមហាជនខ្មែរគ្រប់រូប និងត្រូវបានអ្នកជំនាន់ក្រោយត្រង់ត្រាប់តាម សម្រាប់ជំនាញផ្នែកអាយ៉ៃរបស់លោកផងដែរ៕