(ភ្នំពេញ)៖ ក្រោយចាកចេញពីក្លិបវិសាខា បានជាង ១ខែ ខ្សែបម្រើសញ្ជាតិអង់គ្លេស Charlie Machell បានរកឃើញទ្រនំថ្មី ដើម្បីបន្ដអាជីពលើសមរភូមិវាលស្មៅបានហើយ គឺក្លិប Perak FC នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ដែលជាអតីតក្លិបចាស់របស់កីឡាករខ្មែរ-បារាំង ធារី ចន្ថាប៊ីន។ នេះបើតាមការប្រកាសផ្លូវការរបស់ក្លិប Perak កាលពីម្សិលមិញ។

អតីតកីឡាករក្លិបព្រះខ័នរាជស្វាយរៀង Charlie គឺជាកីឡាករបរទេសម្នាក់ ក្នុងចំណោមកីឡាករបរទេស ៥នាក់ដែលត្រូវបានក្លិប Perak ប្រកាសនាំចូលជាផ្លូវការសម្រាប់ត្រៀមការប្រកួតជើងទី២ ក្នុងរដូវកាលនេះ ខណៈកីឡាករ ៤រូបទៀតគឺមានកីឡាករលីបង់ Jad Noureddine, កីឡាករឥណ្ឌូណេស៊ី-កាមេរ៉ូន Zoubairou Garba, កីឡាករបារាំង-កូឌីវ័រ Ghislain Guessan និងកីឡាករលីបង់-ប៊ុលហ្គារី Samir Ayass Ahmed។

គួរបញ្ជាក់ថា Charlie Machell ត្រូវបានបញ្ចប់កិច្ចសន្យាមុនការកំណត់ ជាមួយវិសាខាកាលពីដើមខែឧសភាកន្លងទៅ ដ្បិតមិនទាន់បានបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២១ សូម្បី ១ប្រកួតឡើយ។ ចំពោះក្លិបថ្មីរបស់អតីតយុវជនក្លិបសារិកាព្រៃ Newcastle United រូបនេះវិញ គឺជាក្លិបចាស់របស់ ធារី ចន្ថាប៊ីន ដែលបានលេងកាលពីឆ្នាំ២០២០ មុនរូបគេបដិសេធកុងត្រាថ្មីរបស់ក្លិប Perak ហើយបានផ្ទេរមកលេងនៅកម្ពុជាវិញ ជាមួយក្លិបវិសាខាបច្ចុប្បន្ន៕