(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យ ចំនួន៤ទៀត នៅក្នុងប្រទេសចិន នាដើមឆ្នាំ២០២២ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន ឱ្យ បានទូលំទូលាយនៅតំបន់អាស៊ី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យ ៤ថ្មីនេះនឹងផ្ដោតសំខាន់លើការផ្ដល់សេវាកម្ម Cloud និងសេវាកម្មអនឡាញផ្សេងៗ ខណៈដែលក្រុមហ៊ុនអាមេរិកមួយនេះ មាន មជ្ឈមណ្ឌលទិន្នន័យចំនួន ៦រួមទៅហើយនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន Microsoft ក៏បានបង្ហាញពីក្ដីរំពឹងទុកថា ខ្លួននឹងអាចរកប្រាក់ចំណូលពីសេវាកម្ម Cloud នៅក្នុងប្រទេសចិន បាន ចំនួន ៤៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ខណៈដែល ចិនគឺជាទីផ្សារធំលំដាប់ទី២ក្នុងការផ្ដល់សេវាកម្ម Cloud បន្ទាប់ពីអឺរ៉ុប។

មជ្ឈមណ្ឌលទិន្នន័យថ្មី និងចាស់ទាំងអស់របស់ Microsoft នៅក្នុងប្រទេសចិនត្រូវបានគេដឹងថា Microsoft គឺបានសហការ ជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែមិនមែនក្រុមហ៊ុន Huawei និង Alibaba នោះទេ ដោយសារតែ រង សម្ពាធ ពីសំណាក់រដ្ឋាភិបាលចិន និងអាមេរិក។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Microsoft បានព្យាយាមពង្រីកការប្រើប្រាស់កម្មវិធី Office 365 តាមរយៈ Cloud នៅលើអនឡាញ ជំនួសឱ្យការប្រើប្រាស់ កម្មវិធី Microsoft Office ដំឡើងនៅលើកុំព្យូទ័រ៕