(ភ្នំពេញ)៖ ក្លិបបាល់ទាត់បឹងកេត បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដោយជោគជ័យ នៅកីឡដ្ឋានខេមបូឌានអ៊ែរវ៉េរបស់ខ្លួន បន្ទាប់ពីធ្វើតេស្ដលើកចុងក្រោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា។ ទន្ទឹមជាមួយគ្នា មន្ដ្រីរបស់ខ្លួនម្នាក់ដែលរកឃើញវិជ្ជមានកូវីដ-១៩ កាលពីដើមខែមិថុនាកន្លងទៅ ក៏បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះផងដែរ។

ក្រុមជើងឯកលីគ ៤សម័យខាងលើបានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួននារសៀលថ្ងៃសុក្រនេះថា «នៅព្រឹកថ្ងៃនេះក្លិបបានបញ្ចប់ការធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកចុងក្រោយ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ជាមួយគ្នានេះមន្ត្រីរបស់យើង ១រូបដែលបានរកឃើញវិជ្ជមាន Covid-19 កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក៏បានជាសះស្បើយឡើងវិញផងដែរ តែត្រូវត្រឡប់ទៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្ដទៀត តាមវិធានរបស់ក្រសួងសុខាភិបាល»

គួរបញ្ជាក់ថា ក្រុមការងារ និងកីឡាករនៃក្រុមនាគខៀវបឹងកេត ត្រូវបានតម្រូវឲ្យធ្វើចត្ដាឡីស័កភ្លាមៗ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើមន្ដ្រីរបស់ខ្លួនម្នាក់ ក្នុងការធ្វើតេស្ដត្រៀម មុនការប្រកួតពានរង្វាន់ League Cup 2021 ជាមួយក្លិបបាល់ទាត់វិសាខា ១ថ្ងៃ ពោលគឺកាលពីថ្ងៃទី០៤ ខែមិថុនា។ ដោយហេតុនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក៏សម្រេចលុបចោលការប្រកួតទល់នឹងវិសាខា និងការប្រកួតបន្ដបន្ទាប់របស់បឹងកេត ដោយផ្ដល់ជ័យជម្នះដោយស្វ័យប្រវត្តិដល់គូប្រកួតតែម្ដង៕