(សាំងភេធើប៊ឺហ្គ)៖ ក្រុមជម្រើសជាតិស៊ុយអែត ត្រូវប៉ះស្លូវ៉ាគី នាម៉ោង ៨៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល E នៃព្រឹត្តិការណ៍ Euro 2020 នៅឯកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

ស្លូវ៉ាគី នឹងឡើងទៅវគ្គ ១៦ក្រុមតែម្តង ប្រសិនបើអាចយក ៣ពិន្ទុពីស៊ុយអែតក្បាលព្រលប់ថ្ងៃសុក្រនេះ ដ្បិតពួកគេទើបរកបាន ៣ពិន្ទុដំបូងពេលយកឈ្នះប៉ូឡូញ ២-១ នៅថ្ងៃបើកឆាកពូល E នៃយុទ្ធនាការជើងឯកអឺរ៉ុប UEFA Euro 2020 លើកទី១៦ នេះ។

មុនជួបគ្នាលើកនេះ ក្រុមទាំងពីរធ្លាប់ជួបគ្នា ៥ដងរួចមកហើយ ខណៈស៊ុយអែត ឈ្នះស្លូវ៉ាគី ៣ដង និងស្មើ ២ដងពុំដែលចាញ់ឡើយរួមមាន៖

១៖ ឆ្នាំ១៩៩៦ ស៊ុយអែត ឈ្នះស្លូវ៉ាគី ២ទល់១ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ២០០០ ស៊ុយអែតស្មើស្លូវ៉ាគី ០ទល់០ ក្នុងការប្រកួត World Cup
៣៖ ឆ្នាំ២០០១ ស៊ុយអែតឈ្នះស្លូវ៉ាគី ២ទល់០ ក្នុងការប្រកួត World Cup

៤៖ ឆ្នាំ២០១៧ ស៊ុយអែតឈ្នះស្លូវ៉ាគី ៦ទល់០ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ២០១៨ ស៊ុយអែតស្មើស្លូវ៉ាគី ១ទល់១ ក្នុងការប្រកួតមិត្តភាព។

គួរបញ្ជាក់ផងថា គិតចាប់ពីការចាប់ផ្តើមប្រកួត UEFA Euro 2020 នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មក រកឃើញ ៣ក្រុមហើយដែលបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេរួមមាន អ៉ីតាលី ចេញពីពូល A, ប៊ែលហ្សិកចេញពីពូល B និងហូឡង់ចេញពីពូល C៕