(កំពង់ស្ពឺ)៖ តំបន់ភ្នំខ្នងក្រពើ គឺជាគោលដៅទេសចរណ៍បែបផ្សងព្រេងថ្មីមួយនៅក្នុងសហគមន៍អេកូទេសចរណ៍តាំងបំពង់ រាល់អ្នកទេសចរដែលបានឡើងទៅដល់តំបន់ភ្នំខ្នងក្រពើនេះ តែងតែពឹងពាក់ស្នាក់អាស្រ័យនឹង «ផ្ទះស៉ីអាយ» ដែលជាជម្រកបណ្ដោះអាសន្នតែមួយគត់នៅតំបន់ភ្នំខ្នងក្រពើនេះ។ សហគមន៍អេកូទេសចរណ៍តាំងបំពង់ មានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែតំបន់ភ្នំខ្នងក្រពើ គឺស្ថិតនៅខាងខេត្តកោះកុង ពោលគឺក្បែរព្រំប្រទល់ជាមួយខេត្តកំពង់ស្ពឺ។

សង់ឡើងនៅតាមជម្រាលបុព្វតា ផ្ទះស៉ីអាយរងការខូចខាតជាច្រើនអន្លើ ដោយសារកម្លាំងខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ញឹកញាប់ រួមផ្សំនឹងអាកាសធាតុផងនោះ បានធ្វើឱ្យដំបូលស័ង្កសីរបើកប៉ើងបាត់ស្ទើរអស់ពាក់កណ្ដាល ជញ្ជាំងឈើស្រល់ក៏ធន់មិនបានយូរ ធ្លុះធ្លាយសើមដាបពេលភ្លៀងម្ដងៗ។ តែទោះជាយ៉ាងណា វិមានសុខដុមនៃមិត្តអ្នកទេសចរយើង ក៏នៅតែតាំងជំហរជម្នះសម្ពាធឧបសគ្គទាំងឡាយ ការពារសុវត្ថិភាពជូនអ្នកសំណាក់គ្រប់គ្នាឱ្យចាកផុតទុក្ខភ័យអន្តរាយ។

លោក ហ៊ុន សៅ ប្រធានសហគមន៍អេកូទេសចរណ៍តាំងបំពង់ បានឱ្យដឹងថា ផ្ទះស៉ីអាយនេះ ត្រូវបានកសាងឡើងដោយអង្គការស៉ីអាយ សហការជាមួយក្រុមឧទ្យានុរក្សដែលប្រចាំការនៅស្នាក់បរិស្ថានតំបន់់ក្រវាញកណ្ដាល សម្រាប់ជាទីស្នាក់អាស្រ័យរបស់ក្រុមឧទ្យានុរក្ស ឬក្រុមល្បាតព្រៃនៅតំបន់ជុំវិញនោះ។ មិនត្រឹមតែជាទីជម្រកសម្រាប់ក្រុមឧទ្យានុរក្សប៉ុណ្ណោះទេ តែផ្ទះនេះក៏បានផ្ដល់នូវកន្លែងស្នាក់នៅសម្រាប់អ្នកដើរទេសចរផងដែរ អាចនិយាយបានថាប្រៀបដូចជា «សណ្ឋាគារផ្កាយពេញមេឃ» សម្រាប់អ្នកទេសចរដែលបានឡើងទៅដល់ភ្នំខ្នងក្រពើយ៉ាងដូច្នេះដែរ។

នាថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារ Fresh News និងក្រុមភ្ញៀវទេសចរដទៃទៀតបានទៅដល់តំបន់ភ្នំខ្នងក្រពើ និងបានស្នាក់អាស្រ័យនៅផ្ទះស៉ីអាយនេះរយៈពេលបួនថ្ងៃបីយប់ ហើយក៏បានឃើញនូវទិដ្ឋភាពនៅទីជម្រកដ៏កម្សត់នេះដែរ។ ផ្ទះមានសភាពស្ងប់ស្ងាត់ឯកាកណ្ដាលព្រឹក្សព្រៃ រីឯដំបូលជញ្ជាំងក៏រងការធ្លុះធ្លាយគួរឱ្យសង្វេគ។ ក្រុមភ្ញៀវទេសចរបានសំណូមពរដល់អាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច សូមជួយជួសជុលផ្ទះស៉ីអាយនេះឡើងវិញ ដើម្បីបន្តតម្កល់ជាទីស្នាក់អាស្រ័យសម្រាប់អ្នកដំណើរផ្សេងៗទៀត ហើយក៏ជាបុណ្យកុសលដ៏ធំធេងសម្រាប់សប្បុរសជនដែលជួយកសាង និងជួសជុលផ្ទះនេះផងដែរ។

យើងខ្ញុំបានត្រឹមចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅជុំវិញតំបន់នោះ ដើម្បីចូលរួមលើកស្ទួយជីវភាពសហគមន៍ កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ តាមរយៈការទាកទាញឱ្យប្រជាសហគមន៍ងាកមកបម្រើសេវាកម្មជូនភ្ញៀវទេសចរ។ កាលណា មានភ្ញៀវទេសចរទៅទស្សនាកាន់តែច្រើន ប្រជាសហគមន៍នឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន ចាកផុតពីមុខរបរខុសច្បាប់ ផ្សងគ្រោះថ្នាក់ អាចប្រឈមនឹងទោសទណ្ឌ ពិសេសគឺបានជួយបង្អើលកម្លាចដល់ជនល្មើសទាំងឡាយណាដែលមានបំណងចង់ចូលទៅកាប់បំផ្លាញព្រៃឈើ ឬបរបាញ់សត្វព្រៃនៅតំបន់ជុំវិញនោះផងដែរ៕

* តំបន់ភ្នំខ្នងក្រពើ ស្វាគមន៍ដំណើរទេសចរណ៍ផ្សេងព្រេងរបស់អ្នកគ្រប់គ្នា!
* ផ្ទះស៉ីអាយ ជាទីជម្រកដ៏កក់ក្ដៅសម្រាប់អ្នកឡើងទៅភ្នំខ្នងក្រពើ!