(អាមេរិក)៖ បណ្ដាញសង្គម Facebook ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់បន្ថែមមុខងារ (Tap) ថ្មីមួយទៀតនៅលើ Newsfeed ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការស្ដាប់ការផ្សាយជាឯកសារសំឡេង (podcast streaming) បានដោយផ្ទាល់នៅលើ Platform របស់ខ្លួន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mashable នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រហែលជាសប្ដាហ៍ក្រោយនេះ ក្រុមហ៊ុន Facebook នឹងដាក់បង្ហាញមុខងារ podcast streaming ជាផ្លូវការ ខណៈដែលព័ត៌មានមួយនេះត្រូវបាន Facebook បង្ហើបឲ្យដឹងកាលពីខែមេសាកន្លងទៅនេះ។

សារព័ត៌មាន The Verge បានចេញផ្សាយថា មុខងារ podcast streaming ប្រើជាលក្ខណៈ RSS feed ដែលអ្នកប្រើ Facebook អាចចូលស្ដាប់បាន ប៉ុន្តែមិនបញ្ជាក់ថា វាប្រតិបត្តិការយ៉ាងដូចម្តេចនោះទេ ហើយក៏មិនច្បាស់ថា វាតម្រូវឲ្យបង់លុយសម្រាប់ការស្ដាប់នេះឬយ៉ាងនោះដែរ៕