(ក្រុងឡុងដ៍)៖ អង់គ្លេស ត្រូវប៉ះស្កុតឡេន នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល D នៃព្រឹត្តិការណ៍ Euro 2020 នាកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស នៅពេលក្រុមទាំងពីធ្លាប់មានប្រវត្តិជួបគ្នាដល់ទៅ ១១៤ដង តែធ្លាប់ឈ្នះ និងចាញ់ប្រហាក់ប្រហែលគ្នា។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ១១៤ដង ក្នុងនោះអង់គ្លេសឈ្នះស្កុតឡេន ៤៨ដង ចាញ់ ៤២ដង និងស្មើ ២៥ដង មានទាំងការប្រកួតមិត្តភាពអន្តរជាតិ, FIFA World Cup, Euro, Rous Cup និងការប្រកួត British Home Championship មានច្រើនជាងគេ។

ប៉ុន្តែសម្រាប់អង់គ្លេសវិញ ទើបតែឈ្នះក្រូអាស៉ី ១ទល់០ កាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ ខណៈស្កុតឡេន ទើបតែចាញ់សាធារណរដ្ឋឆែក ២ទល់០ នៅដើមសប្តាហ៍នេះក្នុងព្រឹត្តិការណ៍ Euro 2020។

គិតចាប់ពីការចាប់ផ្តើមប្រកួត UEFA Euro 2020 នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មក រកឃើញ ៣ក្រុមហើយដែលបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេរួមមាន អ៉ីតាលី ចេញពីពូល A, ប៊ែលហ្សិកចេញពីពូល B និងហូឡង់ចេញពីពូល C នៅពេលរាត្រីនេះនឹងរកឃើញជាបន្តបន្ទាប់ទៀតពីការប្រកួតក្នុងពូល D និងពូល E៕