(រុស្ស៊ី)៖ រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី បានបិទតំបន់សម្រាប់អ្នកគាំទ្រនៃព្រឹត្តិការណ៍ Euro 2020 របស់ខ្លួន និងបានហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី១.០០០នាក់ ដោយសារតែការកើនឡើង នៃករណីឆ្លងជំងឺ COVID-19, នេះបើតាមសម្តីអភិបាលរដ្ឋធានីម៉ូស្គូ លោក Sergei Sobyanin ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

«ខ្ញុំមិនចង់ធ្វើដូចនេះនោះទេ, ប៉ុន្តែយើងត្រូវតែធ្វើ», នេះបើតាមសម្តីលោក Sergei Sobyanin បានសរសេរនៅលើគេហទំព័ររបស់លោក មួយថ្ងៃបន្ទាប់ពីលោកលើកឡើងថា ករណីឆ្លង COVID-19 នៅទីក្រុងម៉ូស្គ បានកើនឡើងជិត៣ដង ក្នុងមួយថ្ងៃ។ «ចាប់ពីថ្ងៃនេះទៅ យើងនឹងកំណត់លើព្រឹត្តិការណ៍ជួបជុំ ដោយមានមនុស្សច្រើនបំផុត១.០០០នាក់»

«យើងបញ្ឈប់ជាបណ្តោះអាសន្ន នូវរាល់ព្រឹត្តិការណ៍កម្សាន្តធំៗទាំងអស់ ហើយយើងក៏ត្រូវតែបិទសាលរាំ និងតំបន់អ្នកគាំទ្រ», នេះបើតាមលោកបានសរសេរ ដោយសំដៅទៅលើតំបន់អ្នកគាំទ្រសម្រាប់ ព្រឹត្តិការណ៍ Euro 2020 នៅខាងក្រៅពហុកីឡដ្ឋាន Luzhniki ស្ថិតក្នុងទីក្រុងម៉ូស្គូ។

នៅថ្ងៃព្រហស្បតិ៍, លោក Sobyanin បានលើកឡើងថា ករណីឆ្លងជំងឺ COVID-19 នៅរដ្ឋធានីម៉ូស្គូ បានកើនឡើងពី៣.០០០ ទៅ ៧.០០០ករណី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៩.០០០នាក់ នៅថ្ងៃសុក្រ។

ទីក្រុងធំជាងគេបំផុត លំដាប់ទី២របស់រុស្ស៊ី Saint Petersburg, ដែលរងការឆ្លងជំងឺ COVID-19 អាក្រក់ជាងគេបំផុត នៅរុស្ស៊ី បន្ទាប់ពីរដ្ឋធានីម៉ូស្គូនោះ, នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតចំនួន៧ នៃព្រឹត្តិការណ៍ Euro 2020 ក្នុងនោះរួមទាំងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ហើយត្រូវបានគេរំពឹងថា នឹងមានវត្តមានអ្នកគាំទ្ររាប់ពាន់នាក់ មកពីតំបន់អឺរ៉ុប៕