(ក្រុងឡុងដ៍)៖ មិនគួរឲ្យពីការប្រកួត ៩០នាទីពេញ ក្រុមខ្លាំងអង់គ្លេសទាត់ចំគោលដៅតែ ១ជើងប៉ុណ្ណោះ មុនពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹងស្កុតឡេន នៅកីឡដ្ឋាន Wembley នារាត្រីឈានចូលព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល D នៅ Euro 2020។

ក្រុមដែលសំបូរទៅដោយកីឡាករឆ្នើមៗ និងលេងនៅក្លិបធំៗផងនោះ មិនអាចធ្វើអ្វីក្រុមភ្ញៀវស្កុតឡេន បានត្រឹមចែកគ្នា ម្នាក់ ១ពិន្ទុក្នុងប្រកួត ៩០នាទីពេញបន្ថែមលើជ័យជម្នះ ១-០ នៅទីនេះដូចគ្នាកាលពីថ្ងៃបើកឆាកពូល D គ្រាដែលស្កុតឡេន បានចាញ់ក្រុមភ្ញៀវសាធារណរដ្ឋឆែក ២-០។

១ពិន្ទុនេះដែរ ក៏ជាការល្អសម្រាប់អង់គ្លេស ដើម្បីបោះជំហានឡើងទៅកាន់វគ្គ ១៦ក្រុមក្នុងនាមមាន ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួតនៅ Euro 2020 លើកទី១៦ នេះ ដ្បិតក្រូអាតរកបានត្រឹម ១ពិន្ទុផងដែរពេលលេងស្មើជាមួយសាធារណរដ្ឋឆែកក្នុងប្រកួតទី២ របស់ពួកគេនារាត្រីថ្ងៃសុក្រ។

អង់គ្លេស ប៉ះស្កុតឡេនក្នុងកម្មវិធីធំលើកដំបូង គីតចាប់តាំងពី Euro 1996 មកនៅពីមុខអ្នកគាំទ្រប្រមាណ ២២,៥០០នាក់ក្នុងកីឡដ្ឋាន Wembley ដែលស្តិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។ ប្រកួតក្រោយបញ្ចប់ពូល D អង់គ្លេសត្រូវប៉ះសាធារណរដ្ឋឆែក គ្រាដែលស្កុតឡេន ប៉ះក្រូអាស៊ី នារាត្រីម៉ោង ០២៖០០នាទីឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)៕