(សៅប៉ូឡូ)៖ កីឡាករខ្សែប្រយុទ្ធ Ben Brereton បានជួយឲ្យជម្រើសជាតិឈីលី រកបាន ៣ពិន្ទុដំបូងក្នុងយុទ្ធនាការពានរង្វាន់ប្រចាំតំបន់អាមេរិកខាងត្បូង Copa America 2020 តាមរយៈស៊ុតបញ្ចូលទីបាន ១គ្រាប់នៅដើមវគ្គទី១ នៃការប្រកួតដែលបានធ្វើឡើងនៅប្រទេសប្រេស៊ីលនារាត្រីឈានចូលព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។
មិត្តរួមក្រុម Eduardo Vargas ជាអ្នកបញ្ជូនបាល់ឲ្យ Brereton ទាត់បញ្ចូលទីបានសម្រេចនៅនាទីទី១០ ដែលជាគ្រាប់ទី១ របស់គេផងដែរនៃការប្រកួតលើកទី២ ប្រចាំពូល A នៅពេល ១ប្រកួតបើកឆាកបានបញ្ចប់ក្នុងលទ្ធលស្មើគ្នា ១-១ ទល់នឹងអាហ្សង់ទីនដែលស្ថិតក្នុងពូលជាមួយគ្នារួមទាំងប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយផងដែរ។
៣ពិន្ទុដំបូងនេះដែរក៏បានជួយឲ្យឈីលី ឡើងទៅឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្នផងដែរក្នុងចំណោម ៥ក្រុម ដ្បិតអាហ្សង់ទីនត្រូវប៉ះអ៊ុយរ៉ាហ្គាយ នាម៉ោង ៧៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) នៃការប្រកួតលើកទី២ របស់ពួកគេដែរ។
គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2020 ទើបតែដំណើរការបាន ៥ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្តើមក្រោយព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 ត្រឹម ២ថ្ងៃប៉ុណ្ណោះ ដែលមាន ១០ក្រុមចូលរួម និងចែកចេញជា ២ពូល៕