(ប៊ូតាប៉េស)៖ ៣ប្រកួតរាត្រីនេះ នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងជុំទី២ ប្រចាំពូល E និងពូល F ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 នៅទូទាំង ១២កីឡដ្ឋាន ស្ថិតនៅក្នុង ១១ប្រទេសផ្សេងគ្នានៅទ្វីបអឺរ៉ុប។

*គូទី១៖ ហុងគ្រី ប៉ះបារាំង នារាត្រីម៉ោង ៨៖០០នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល F ចុងក្រោយគេដែលធ្វើឡើងនៅកីឡដ្ឋាន Puskas Arena ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។

*គូទី២៖ អាល្លឺម៉ង់ ប៉ះព័រទុយហ្គាល់ នាម៉ោង ១១៖០០នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល F ធ្វើឡើងនៅកីឡដ្ឋាន Fussball Arena Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឹម៉ង់។

*គូទី៣៖ អេស្ប៉ាញ ប៉ះប៉ូឡូញ នារាត្រីម៉ោង ០២៖០០នាទី (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតលើកទី២ ប្រចាំពូល E ស្ថិតក្នុងកីឡដ្ឋាន Estadio de La Cartuja ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ។

គិតមកទល់ពេលនេះ ព្រឹត្តិការណ៍ជើងឯក Euro 2020 បានដំណើរការ ៨ថ្ងៃមកហើយ ដោយលេងបាន ២១ប្រកួតក្នុងចំណោម ៥១ប្រកួតសរុបដែលមាន ២៤ប្រទេសចូលរួមលើកទី១៦ ដោយមានរាជសីរោមមាសព័រទុយហ្គាល់ជាក្រុមការពារតំណែងជើងឯក និងបារាំង ជាជើងឯករងកាលឆ្នាំ២០១៦ ដែលស្ថិតក្នុងពូល F ជាមួយគ្នារួមទាំងអាល្លឹម៉ង់ និងហុងគ្រីផងដែរ៕