(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំទិវាអូឡាំពិក ឬ Olympic Day នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមប្រធានបទ “ហាត់ប្រាណនៅផ្ទះជាមួយអត្តពលិកអូឡាំពិក”។ ប៉ុន្ដែដោយសារវិបត្ដិកូវីដ-១៩ កម្មវិធីប្រចាំឆ្នាំនេះ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ មិនមានការជួបជុំលេងកីឡាដូចឆ្នាំមុនៗឡើយ ដោយនឹងមានការចូលរួមកីឡាករ-កីឡាការិនីជាច្រើន ពិសេសអត្តពលិកធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ក្នុងនាមសមាជិកពេញសិទ្ធរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក៏ដូចជាបណ្ដាប្រទេសលើពិភពលោក បានកំណត់យកខែមិថុនា គឺជាថ្ងៃរៀបចំទិវាអូឡាំពិក ដើម្បីរំឮកនូវចលនាអូឡាំពិក និងដាស់ស្មារតីមនុស្សជាតិឲ្យស្គាល់ពីគុណតម្លៃអូឡាំពិក និងគុណតម្លៃនៃជីវិតសកម្មភាពកីឡា។ ជាក់ស្ដែងឆ្នាំនេះ កម្ពុជាបានជ្រើសរើសយកថ្ងៃទី២៣-មិថុនា ដើម្បីរៀបចំ តែប្លែកពីឆ្នាំមុន ដោយត្រូវធ្វើអនឡាញ ដើម្បីបង្ការជំងឺកូវីដ-១៩។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ក្រោមការចង្អុលបង្ហាញរបស់លោករដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC ដោយសារស្ថិតក្នុងបរិបទកូវីដ-១៩ ទិវាអូឡាំពិកឆ្នាំនេះ នឹងរៀបចំឡើងក្រោមប្រធានបទ “ហាត់ប្រាណនៅផ្ទះជាមួយអត្តពលិកអូឡាំពិក” ដោយមានការកោះហៅអត្តពលិកអូឡាំពិកកម្ពុជា ដើម្បីចូលរួមចែករំលែងបទពិសោធ និងផ្សព្វផ្សាយពីការរួមគ្នាលេងកីឡា ដើម្បីយកឈ្នះជំងឺដ៏កាចសាហាវនេះ ក៏ដូចជាបំផុសសកម្មភាពប្រជាជនម្នាក់លេងកីឡាមួយមុខផងដែរ។

លោកបន្ដថា «NOCC នឹងប្រមែប្រមូល អត្តពលិកអូឡាំពិកកម្ពុជា ដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក នឹងបង្ហាញខ្លួនក្នុងកម្មវិធី «ទិវាអូឡាំពិក» ដើម្បីណែនាំអំពីរបៀបរបបនៃការធ្វើលំហាត់ប្រាណ ជូនដល់ប្រជាពលរដ្ឋ យុវជននានា ឲ្យយល់ដឹង និងចូលរួមប្រកបដោយសុខភាព។ អ៊ីចឹងយើងនឹងរួមគ្នាហាត់ប្រាណតាមប្រព័ន្ធអនឡាញ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបាននូវឱកាសផ្លាស់ប្តូរអារម្មណ៍ជាមួយគ្នារវាងប្រជាជន យុវជន និងកីឡាករ កីឡាការិនីអូឡាំពិក នៅក្នុងសង្គមរបស់យើង ដើម្បីបញ្ជ្រាបអំពីគុណតម្លៃ អត្ថប្រយោជន៍អូឡាំពិក សម្រាប់វិស័យអប់រំកាយ និងកីឡារបស់យើង»

គួរបញ្ជាក់ថា ទិវាអូឡាំពិក ឬ Olympic Day នាថ្ងៃទី២៣ ខែមិថុនាសប្ដាហ៍ក្រោយ គ្រោងមានកីឡាករ-កីឡាការិនីជម្រើសជាតិ និងអត្តពលិកអូឡាំពិករបស់កម្ពុជាច្រើនរូបចូលរួម ដូចជាកីឡាប្រដាល់សកល ហែលទឹក និងកីឡាអត្តពលកម្មជាដើម ខណៈភ្ញៀវពិសេសប្រចាំកម្មវិធីនេះ គឺមានកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងកីឡាករហែលទឹក ហែម ថុនវិទិនី។ ជាមួយគ្នានោះ ក៏នឹងមានការអនុញ្ញាតឲ្យមហាជនចូលរួមតាមរយៈកម្មវិធីអនឡាញ ដើម្បីស្វែងយល់ពីរបៀបហាត់ប្រាណតាមផ្ទះ ដែលនឹងបង្ហាញដោយ វិទិនី ទៀតផង៕