(កំពង់ស្ពឺ)៖ ភ្ញៀវទេសចរភាគច្រើនប្រហែលជាគិតថា «ផ្កាបំពង់ក្រឡោម» មានដុះតែនៅលើភ្នំបូកគោប៉ុណ្ណោះទេ ប៉ុន្តែវត្តមានបុប្ផាព្រៃភ្នំដ៏កម្រនេះ គឺនៅមានដុះដាលច្រើនណាស់នៅតាមតំបន់ការពារធម្មជាតិដទៃទៀតនៃដែនកម្វុជទេស ក្នុងនោះគេក៏ឃើញមានដុះលូតលាស់នៅតំបន់ភ្នំខ្នងក្រពើ ខ្នងវិហារ ខ្នងផ្សារ ក៏ដូចជាតំបន់ផ្សេងទៀតនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលផងដែរ។

ផ្កាបំពង់ក្រឡោមនេះ អ្នកខ្លះហៅឈ្មោះថា «ផ្កាបំពង់ស្រមោច» អ្នកខ្លះទៀតក៏ហៅថា «ផ្កាបំពង់លុក»«ផ្កាក្រឡូមពារ» ជាដើម ខណៈភាសាបច្ចេកទេសហៅថា «Nepenthes»។ យោងតាមឯកសារបរទេសផ្កាបំពង់ក្រឡោមជា ប្រភេទរុក្ខជាតិម៉្យាងមានរាងដូចបំពង់ ហើយផ្ទុកសារធាតុ ម្យ៉ាងដែលអាចទាក់ទាញសត្វល្អិតឱ្យធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់អស់សង្ខារ។ នៅពេលសត្វល្អិតងាប់ហើយនោះ សរីរាង្គពិសេសរបស់វាក៏ចាប់ផ្ដើមបំបែករំលាយសាកសពសត្វល្អិតទៅជាសារធាតុចិញ្ចឹម ធ្វើឱ្យរុក្ខជាតិកំណាចប្រភេទនេះលូតលាស់បានល្អតទៅទៀត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឱ្យដឹងថា នៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទឯណោះ ក្នុងនោះមានប្រាំប្រភេទបាននិងកំពុងដុះលូតលាស់នៅប្រទេសកម្ពុជា៖

ទី១៖ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

ទី២៖ Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម។

ទី៣៖ Nepenthes kampotiana Lecomte មានដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ។ បើតាមការប្រៀបធៀបសណ្ឋាន ផ្កាបំពង់ក្រឡោមដែលដុះនៅតំបន់ភ្នំខ្នងក្រពើ ខ្នងវិហារ និងខ្នងផ្សារនោះ គឺចូលទៅក្នុងប្រភេទទី៣នេះឯង។

ទី៤៖ Nepenthes mirabilis (Loureiro) Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។

ទី៥៖ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។

លោក នេត្រ ភក្ត្រា បានបន្តថា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ។

សូមជម្រាបថា តំបន់ភ្នំខ្នងក្រពើ តំបន់ភ្នំខ្នងវិហារ និងតំបន់ភ្នំខ្នងផ្សារ សុទ្ធតែជាតំបន់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ដ៏ទាក់ទាញ ដែលស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ឧទ្យានជាតិនេះមានផ្ទៃដីសរុប ៤០១,៣១៣ ហិកតា។ ដើម្បីឡើងទៅកាន់គោលដៅអេកូទេសចរណ៍ខាងលើនេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងទៅកាន់ «សហគមន៍អេកូទេសចរណ៍តាំងបំពង់» ជាមុនសិន ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជាការពិតណាស់ ក្រៅពីសក្ដានុពលធម្មជាតិដ៏សម្បូរបែបដទៃទៀតនោះ ទិដ្ឋភាពផ្កាបំពង់ក្រឡោមរីកស្គុះស្គាយនៅលើកំពូលភ្នំ ក៏ជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនានៅតំបន់ជួរភ្នំក្រវាញកណ្ដាលនេះផងដែរ៕