(អាមេរិក)៖ លោក Jerome Guillen អតីតនាយកក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍មកថា ទទួលបាន ប្រាក់ ប្រមាណ ២៧៤លានដុល្លារអាមេរិកពីការលក់ហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Tesla កាលពីថ្មីៗនេះ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

គណៈកម្មការមូលបត្រ និងពាណិជ្ជកម្ម (SEC) បានបង្ហាញឱ្យដឹងថា លោក Guillen កាលពីថ្មីៗនេះបានលក់ហ៊ុន ដែល មាននៅក្នុងក្រុមហ៊ុន Tesla ចំនួន៣ដង ដោយលើកទី១ ទទួលបាន ១២៩លានដុល្លារ, លើកទី២ ទទួលបាន ៨៩.៦ លានដុល្លារ និងលើកទី៣ ទទួលបាន ៥៥លានដុល្លារអាមេរិក។

ការលក់ហ៊ុនទាំងបីលើកនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលលោក Guillen បានលាឈប់ពីក្រុមហ៊ុនផលិតរថយន្ត អគ្គិសនីដ៏ល្បីមួយនេះ កាលពីដើមខែមិថុនា។ លោក Guillen បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Tesla កាលពី ឆ្នាំ ២០១០ ពោលគឺមានរយៈពេល ១០ឆ្នាំនៅក្នុងក្រុមហ៊ុន Tesla។

ក្រុមហ៊ុន Tesla ត្រូវបានគេដឹងថា លោក Elon Musk ដែលជានាយកប្រតិបត្តិបានផ្ដល់នូវជម្រើសដ៏ល្អសម្រាប់ បុគ្គលិក ជាន់ខ្ពស់អាចទិញហ៊ុនបានក្នុងតម្លៃជាក់លាក់មួយ និងក្នុងពេលកំណត់មួយច្បាស់ ហើយពួកគេក៏អាចលក់ចេញវិញនៅ ពេល ហ៊ុន ឡើងថ្លៃ៕