(អាមេរិក)៖ កំពូលតារាចម្រៀងប៉ុបល្បីឈ្មោះរបស់អាមេរិក Briney Spears បានបាត់វត្តមានលើឆាកតន្រ្តីតាំងពីឆ្នាំ២០១៨នោះ នៅពេលនេះហាក់ធ្វើឲ្យអ្នកគាំទ្រ ដែលធ្លាប់ទន្ទឹងរង់ចាំការត្រឡប់មកវិញរបស់នាង អស់សង្ឃឹមជាខ្លាំង បន្ទាប់ពីថ្មីៗនេះ នាងបានលើកឡើងថា មិនប្រាកដនឹងចូលសិល្បៈវិញនោះទេ ខណៈបច្ចុប្បន្នកំពុងរីករាយនឹងជីវិតរបស់នាង។

តាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈបណ្តាញសង្គម Instagram ផ្ទាល់ខ្លួននាពេលថ្មីៗនេះ តារាចម្រៀងប៉ុបម្ចាស់បទ «Toxic» Spears បានឆ្លើយតបទៅនឹងសំណួរមួយចំនួនពីនាក់គាំទ្រ ដែលចោទសួរនាងពីការងារសិល្បៈ។ ក្នុងចំណោមនោះ Spears បានឆ្លើយសំណួរដែលចោទទៅនាងថា តើនឹងវិលត្រឡប់មកសម្តែងលើឆាកម្តងទៀតឬអត់?

ឆ្លើយតបនឹងសំណួរនេះ Briney Spears បាននិយាយថា «ខ្ញុំមិនដឹងនោះទេ, ខ្ញុំមានសុភមង្គលក្នុងជីវិតដូចពេលបច្ចុប្បន្ន ហេតុដូចនេះខ្ញុំចង់ចំណាយពេលវេលារីករាយ និងស្វែងយល់ពីខ្លួនឯង ឲ្យបានកាន់ច្រើនថែមមួយកម្រិតទៀត»។ សារនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសម្តែងការខកចិត្ត តែយ៉ាងណាពួកគេរីករាយនឹងការសម្រេចចិត្តរបស់តារាចម្រៀងប៉ុបរូបនេះ ពោលគឺធ្វើយ៉ាងណាឲ្យតែនាងរីករាយ ព្រោះនាងត្រូវបានគេដឹងថាមានជំងឺផ្លូវចិត្ត និងស្ថិតក្រោមការគ្រប់គ្រងរបស់អាណាព្យាបាល។

គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Britney Spears បានទទួលរងជំងឺផ្លូវចិត្តអស់រយៈពេល១២ឆ្នាំមកហើយ ខណៈអ្នកគាំទ្រ តែងតែបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ ទៅលើតារាស្រីដួងនេះ តាមរយៈបណ្តាញសង្គមជារឿយៗ៕