(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញដេញថ្លៃធំលំដាប់ពិភពលោក និងជាក្រុមហ៊ុន e-commerce លំដាប់យក្ស Ebay ត្រូវ បានគេរាយការណ៍មកថា គ្រោងនឹងលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងប្រមាណជា ៨០ភាគរយ ក្នុងតម្លៃ ជាង ៣ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo និងកាសែត Financial Times នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Ebay នឹងលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨០ភាគរយឱ្យទៅក្រុមអ្នកវិនិយោគ ដែលក្នុងនោះ ត្រូវ បាន គេដឹងថា E-Mart ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ចាប់អារម្មណ៍ទិញយកផងដែរ។

កាសែតខាងលើបានចេញផ្សាយថា មិនត្រឹមតែ E-Mart ប៉ុណ្ណោះទេ សូម្បីតែ Naver Corporation ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាមួយឈានមុខគេនៅកូរ៉េក៏ចាប់អារម្មណ៍ទិញយកភាគហ៊ុនរបស់ Ebay ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះ បានបង្ហាញ ក្ដី អស់សង្ឃឹមថា ពួកគេគឺបានត្រឹមជួបចរចាជាមួយនឹង Ebay ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយជាផ្លូវការឡើយ។

សារព័ត៌មាន Korea Economic Daily បានចេញផ្សាយថា មានអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ រួមទាំងមាន ធនាគារ ក្នុងស្រុក និងបរទេសបានជួបចរចាជាមួយ Ebay ប៉ុន្តែការចរចាគឺសុទ្ធតែមិនទាន់មានលទ្ធភាពវិជ្ជមានទាំងអស់ ខណៈ ដែល Ebay ពុំបញ្ជាក់ពីគោលបំណងនៃការលក់ភាគហ៊ុនឡើយ៕