(អឺរ៉ុប)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានស្នើសុំក្រុមជម្រើសជាតិទាំង ២៤ប្រទេស ដែលចូលរួមប្រកួតពានរង្វាន់ Euro 2020 ឈប់ដកដបផលិតរបស់ក្រុមហ៊ុននានា ដែលឧបត្ថម្ភកម្មវិធីប្រកួតចេញពីតុសន្និសីទព័ត៌មាន។

ការស្នើសុំខាងលើ គឺជាការឆ្លើយតបនឹងបញ្ហាកំពុងល្បីខ្លាំង នៃព្រឹត្តិការណ៍ពានរង្វាន់ Euro 2020 ដែលចាប់ផ្តើមកើតឡើងដោយសកម្មភាពរបស់កំពូលកីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធព័រទុយហ្កាល់ ដកដបកូកាកូឡាចេញពីតុសន្និសីទព័ត៌មាន កាលពីរាត្រីថ្ងៃចន្ទ។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មាន Bloomberg នៅសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសប្តាហ៍នេះ មានកីឡាករ ២រូបគឺ Ronaldo, Paul Pogba និង Manuel Locatelli បានធ្វើសកម្មភាពដកដបផលិតរបស់ក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីប្រកួត ចេញពីកាំមេរ៉ា នៅពេលចូលទៅអង្គុយធ្វើសន្និសីទសារព័ត៌មាន។

ប្រធានគ្រប់គ្រងការប្រកួត Euro 2020 គឺលោក Martin Kallen បានឲ្យដឹងថា «UEFA បានទាក់ទងជាមួយក្រុមជម្រើសជាតិទាំងអស់ចំពោះបញ្ហានេះ។ វាជារឿងសំខាន់ ព្រោះថាប្រាក់ចំណូលពីដៃគូឧបត្ថម្ភ គឺជារឿងកាន់តែសំខាន់ សម្រាប់ការប្រកួត Euro »។

ខ្សែបម្រើបារាំង Pogba ដែលជាអ្នកកាន់សាសនាម៉ូស្លីម និងមិនទទួលទានគ្រឿងស្រវឹង បានដកដបស្រាបៀរ Heineken ដែលជាដៃគូឧបត្ថម្ភផ្លូវការរបស់ Euro 2020 ពេលធ្វើសន្និសីទព័ត៌មាន កាលពីរាត្រីថ្ងៃអង្គារ។

លោកប្រធានគ្រប់គ្រងខាងលើបន្ថែមថា ការប្រកួតបានទាមទារការយល់ព្រមជាមួយដៃគូឧបត្ថម្ភ ដូច្នេះសម្រាប់កីឡាករដែលជឿសាសនាម៉ូស្លីម «មិនចាំបាច់ដាក់ដកស្រាបៀរមកទេ»។ អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅតាមកីឡដ្ឋានប្រកួត ក៏គួរជួយដកចេញដបស្រាបៀរ មុនពេលកីឡាករម៉ូស្លីមកដល់ ដើម្បីជាការគោរព។

Pogba ត្រូវតែផ្តល់បទសម្ភាសក្នុងបន្ទប់សម្ភាស បន្ទាប់ពីត្រូវបានជាប់ឈ្មោះជាកីឡាករល្អបំផុត ក្នុងការជួយបារាំងឈ្នះអាល្លឺម៉ង់ ១ទល់០ កាលយប់ថ្ងៃអង្គារ។ ហើយ ប្រាក់រង្វាន់ត្រូវបានផ្តល់ឲ្យ ដោយក្រុមហ៊ុនផលិតស្រាបៀរនេះឯង។

Ronaldo បានបង្កើតភាពល្បីល្បាយ នៅក្នុងសន្និសីទមុនការប្រកួត កាលពីថ្ងៃចន្ទ តាមរយៈការដកដបកូកាកូឡាចេញ និងជំនួសមកវិញនូវទឹកសុទ្ធ។ ភ្លាមៗនោះ ក្រុមហ៊ុនកូកាកូឡា បានខាតទឹកប្រាក់ប្រមាណ ៤ប៊ីលានដុល្លារអាមេរិក ក្នុងតម្លៃទីផ្សារភាគហ៊ុន ដោយសារសកម្មភាពមើលងាយរបស់កីឡាកររូបនេះ ខណៈនៅរាត្រីថ្ងៃពុធ ខ្សែបម្រើអ៉ីតាលី Locatelli បានចម្លងទាំងស្រុងនូវសកម្មភាពខ្សែប្រយុទ្ធព័រទុយហ្កាល់ បន្ទាប់ពីជួយអ៉ីតាលីឈ្នះស្វីស។

វាជារឿងសមហេតុផល ដែលសហព័ន្ធ UEFA ក្រើនរំលឹកទៅមន្ត្រី និងក្រុមជម្រើសជាតិថា កីឡាករគួរតែផ្តល់ការគោរពដៃគូឧបត្ថម្ភ និងអ្នកជួយផ្គត់ផ្គង់កម្មវិធី ដែលពួកគេនេះហើយ ជាអ្នកជួយឲ្យកីឡាបាល់ទាត់ដំណើរការទៅបាន។

ខណៈពេល UEFA នឹងមិនដាក់ទណ្ឌកម្មលើកីឡាករជាឯកត្តនាម ក៏លោក Kallen និយាយថា «អាចនឹងទៅរួច» ដែលសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសនោះ ត្រូវទទួលរងការពិន័យជាទឹកប្រាក់ បើសិនជាមានរឿងបែបនេះកើតឡើងទៀត។

ក្រុមជម្រើសជាតិដែលចូលរួម Euro ទាំង២៤ប្រទេស នឹងទទួលបានប្រាក់រង្វាន់ ដែលផ្តល់ដោយក្រុមហ៊ុន Coca-Cola, Heineken និងដៃគូឧបត្ថម្ភកំពូលៗ ១០ទៀត ដែលរួមចំណែកដល់ប្រាក់ចំណូលសរុបនៃការប្រកួតរបស់ UEFA ប្រមាណ ២.៤ប៊ីលានដុល្លារអាមេរិក។

ប្រាក់ចំណូលដែលបានពីដៃគូឧបត្ថម្ភ មិនត្រូវបានបង្ហាញទេ ប៉ុន្តែ UEFA បានទទួលប្រាក់ប្រមាណ ៤៨៣លានដុល្លារអាមេរិក ពីសិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្ម កាលពីឆ្នាំ២០១៦ ពេលព្រឹត្តិការណ៍ Euro 2016 ដែលធ្វើឡើងនៅប្រទេសបារាំង។

សរុបមក បណ្តាកីឡាករ ក៏ទទួលបានប្រាក់រង្វាន់មិនផ្ទាល់ ពីប្រាក់ចំណេញនៃសិទ្ធិផ្សាយពាណិជ្ជកម្មរបស់ Euro 2020 តាមរយៈសហព័ន្ធ និងក្លឹបជាតិរបស់ពួកគេ។

សូមជម្រាបថា UEFA គឺជាតួអង្គអន្តរជាតិជាតិមួយ ដែលស្ថិតក្រោមការគ្រប់គ្រង របស់សហព័ន្ធអន្តរជាតិនៃសមាគមបាល់ទាត់ FIFA ។ ប្រភពចំណូលរបស់ UEFA គឺជាផលចំណេញ ដែលទទួលបានពីការរៀបចំការប្រកួតនេះតែម្តងរួមមាន ចំណូលពីការលក់សំបុត្រ, ចំណូលពីការផ្តល់សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្ម, ចំណូលពីប្រព័ន្ធផ្សព្វផ្សាយ, ចំណូលពីការធ្វើបដិសណ្ឋារកិច្ច និងចំណូលពីប្រភពផ្សេងៗទៀត៕