(សៀមរាប)៖ ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន្ត ចន្លោះប្រាសាទបាយ័ន្ត និងខ្លោងទ្វារតាកាវ។ ប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនចូលមកទស្សនា និងផ្តិតយករូបភាពប្រាសាទបុរាណ និងធម្មជាតិក្នុងបរិវេណនេះ។

ប្រាសាទតុបខាងលិច កសាងឡើងក្នុងរវាងសតវត្សទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ចាប់ពីសតវត្សទី១៣ ដល់ទី១៧ ប្រាសាទនេះ ត្រូវបានកែបន្ថែមខ្លះៗ ដែលគេឃើញដល់សព្វថ្ងៃ ដូចជា ការកសាងប្រាង្គពីរអមសងខាង ព្រមទាំងខឿនថ្មមួយខាងមុខប្រាសាទបន្ថែមទៀត ឱ្យក្លាយជារោងឧបោសថាគារ ជាទីសក្ការៈរបស់ព្រះពុទ្ធសាសនាថេរវាទជាដើម។

វិទ្យាសា្ថន ណារ៉ា របស់ប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងអភិរក្សជួសជុលប្រាសាទតុបពីឆ្នាំ២០១១មក។ ជំហានដំបូង ក្រុមការងារបានជួសជុលប្រាង្គខាងត្បូងរួចរាល់ ហើយបន្តជួសជុលប្រាង្គខាងជើង និងជួសជុលប្រាង្គកណ្តាលនៃប្រាសាទ ដែលបានបញ្ចប់នៅឆ្នាំ២០២០៕