(សៀមរាប)៖ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ កំណាត់ផ្លូវថ្នល់សំខាន់ៗមួយចំនួននៅក្នុងវង់តូច និងវង់ធំនៃរមណីយដ្ឋានអង្គរ ត្រូវបានបញ្ចប់ការជួសជុលកែលម្អសោភ័ណភាពរួចរាល់ទាំងស្រុង (អ៊ុតស្រទាប់ទី២)។

កំណាត់ផ្លូវថ្នល់ទាំងនោះ រួមមាន៖

១៖ ផ្លូវវង់ធំ ចាប់ពីមុខប្រាសាទប្រែរូបរហូតដល់ប្រាសាទមេបុណ្យខាងកើត ដែលមានប្រវែង ១,៨០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។

២៖ ផ្លូវជុំវិញប្រាសាទបាយ័ន ដែលមានប្រវែង ១,០២៤ ម៉ែត្រ និងទទឹងចាប់ពី ៥-៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។

៣៖ ផ្លូវខាងជើងប្រាសាទបាយ័ន ដោយវាងមុខព្រះលានជល់ដំរីទៅដល់ក្លោងទ្វារដីឆ្នាំង ដែលមានប្រវែង ១,៤២៧ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។

អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុងកៅស៊ូ AC កែលម្អកំណាត់ផ្លូវផ្សេងៗទៀតក្នុងតំបន់អង្គរជាបន្តបន្ទាប់ ឱ្យរួចរាល់រួចរាល់មុនដំណាច់ឆ្នាំ២០២១នេះ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវក្នុងតំបន់អង្គរនេះ គឺជាគម្រោងផ្ទាល់របស់អាជ្ញាធរជាតិអប្សរា ពោលគឺមិនស្ថិតនៅក្នុងគម្រោងផ្លូវ ៣៨ ខ្សែនោះទេ៕