(ភ្នំពេញ)៖ ជំងឺបូសអន្ទង់ ជាការបង្ករោគទៅលើក្រពេញនៅនឹងរន្ធបាត ក្រោមរូបភាពជាបូសនៅជុំវិញរន្ធបាត ឬជាបូសបែកមានរន្ធហូរចេញតាមស្បែកផ្នែកខាងក្រៅ ឬតាមរន្ធបូសផ្នែកខាងក្នុងរន្ធបាត។ ការធ្វើរោគវិនិច្ឆ័យ មានការលំបាកសម្រាប់បូសអន្ទង់ ដែលមិនមានរន្ធហូរខ្ទុះខាងក្រៅបរិវេណរន្ធបាត ហើយជំងឺនេះ មិនមានវិធីបង្ការទុកជាមិននោះទេ។

នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេស ជំងឺក្រពះ ពោះវៀន ជំងឺរន្ធបាត និងការវះកាត់ ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកស្រីវេជ្ជបណ្ឌិត ថាវ ស៊ីដានីន បានថ្លែងបន្ដថា ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នា គឺមានក្រពេញធម្មជាតិតូចៗ (glands of Hermann and Desfosses) ជាច្រើន។ គេសន្និដ្ឋានថា ជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះ ដែលបង្ករឲ្យមានខ្ទុះ ស៊ីចាក់រូងចេញមកខាងក្រៅ។

រោគសញ្ញាជំងឺបូសអន្ទង់៖
*ការឡើងហើមបរិវេណរន្ធបាត
*ការឈឺចាប់បរិវេណរន្ធបាត ឬក្នុងរន្ធបាត
*ការហូរទឹកខ្ទុះ ឬសើមនៅរន្ធបាត
*ការស្ទាបប៉ះដុំនៅបរិវេណរន្ធបាតជាដើម

វេជ្ជបណ្ឌិតឯកទេសរូបនេះ បានបញ្ជាក់ថា «ការវះកាត់ ជាជម្រើសនៃការព្យាបាលដ៏ល្អបំផុត ដែលវាជាវិធីសាស្ត្រតែមួយគត់ដែលផ្តល់នូវប្រសិទ្ធភាពខ្ពស់លើសពី៩០% ដែលមិនមានការលាប់ឡើងវិញរយៈពេលយូរនៃជំងឺ។ ការវះកាត់គោរពតាមបច្ចេកវិជ្ជាត្រឹមត្រូវ រក្សាមុខងាររន្ធបាត និងការបន្ទោបង់បានធម្មតា។ករណីរ៉ាំរ៉ៃ មិនបានទទួលយកការព្យាបាលត្រឹមត្រូវ អាចបណ្តាលឱ្យបូសស៊ីកាន់តែជ្រៅ ប៉ះពាល់ដល់រន្ធបាត និងមុខងារបន្ទោបង់ ព្រមទាំងផលវិបាកផ្សេងៗទៀត។រាល់ជំងឺរន្ធបាត គួរទទួលយកការពិនិត្យ ដើម្បីទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងការព្យាបាលត្រឹមត្រូវ។

វិធីព្យាបាល
ការព្យាបាលតែមួយគត់ ដែលមានប្រសិទ្ធភាព គឺការវះកាត់។ ការវះបូសអន្ទង់មានពីរប្រភេទ គឺការវះបង្ហូរខ្ទុះបន្ធួរបន្ថយការឈឺចាប់ និងការវះឲ្យជាសះស្បើយ។
*ការវះបង្ហូរខ្ទុះបន្ធួរបន្ថយការឈឺចាប់ (Drainage of abscesses)៖ ការវះនេះធ្វើនៅពេលដែលបូសកំពុងតែហើម និងឈឺ។ ដោយចាក់ថ្នាំស្ពឹកវះផ្នែកខាងក្រៅ និងវះបង្ហូរខ្ទុះចេញ។ ក៏ប៉ុន្តែវាមិនមែនជាវិធីព្យាបាលឲ្យជាសះស្បើយនោះទេ វាគ្រាន់តែជាការវះបន្ធូរបន្ថយការឈឺចាប់ប៉ុនណោះ។ បូសនេះនឹងលបមកវិញ ប្រសិនបើមិនធ្វើការវះផ្ដាច់ផ្លូវរូងរបស់វាទេ។
*ការវះកាត់ផ្ដាច់ផ្លូវរូងបូសអន្ទង់ (Fistulotomy or Fistulectomy)៖ នេះជាវិធីតែមួយគត់ ព្យាបាលឲ្យជាសះស្បើយ និងមិនលបឡើងវិញ។ ការវះនេះ ខុសពីការវះខាងក្រៅបង្ហូរខ្ទុះចេញ គឺត្រូវវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូស ដែលស្ថិតនៅខាងក្នុងរន្ធបាត។ ការវះអាចនឹងត្រូវធ្វើឡើង ២ឬ៣ដង ប្រសិនបើបូសនោះ ស៊ីរូងប៉ះពាល់សាច់ដុះបាត (anal sphincter) ធ្ងន់ធ្ងរ។

វេជ្ជបណ្ឌិត ថាវ ស៊ីដានីន បានឱ្យដឹងថា ចំពោះវិធីវះកាត់ ត្រូវធ្វើនៅក្នុងបន្ទប់វះកាត់ ប្រើថ្នាំឲ្យស្ពឹកត្រឹមចង្កេះចុះក្រោម និងវះដោយគ្មានការឈឺចាប់។ ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុះបាតធ្ងន់ធ្ងរ ត្រូវវះផ្ដាច់សាច់ដុះបាតខ្លះ និងទុកខ្លះ និងរងចាំរហូតរបួសលើកទីមួយជាសះសិន ទើបធ្វើការវះម្ដង ឬពីរដងទៀតឲ្យអស់តែម្ដង ព្រោះប្រសិនបើកាត់ផ្ដាច់សាច់ដុះបាតច្រើនពេក អ្នកជំងឺនឹងមានផលវិបាក ទាក់ទងនឹងការទប់លាមកនៅពេលក្រោយ។ សម្រាប់បន្ទាប់ពីវះកាត់តម្រូវឲ្យសម្រាកតាមដាននៅមន្ទីពេទ្យតែ១ថ្ងៃប៉ុណ្ណោះ រួចត្រឡប់ទៅផ្ទះវិញនឹងធ្វើការងារផ្សេងៗបានជាធម្មតា។

ផលវិបាកនៃបូសអន្ទង់
*គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៖ ក្នុងករណីដែលបូសកំពុងតែហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញលេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្ករឲ្យស្លោកពេញតំបន់បាត (Fournier Gangrene) និងឆ្លងមេរោគចូលក្នុងឈាម (Sepsis) ដែលអាចបណ្ដាលឲ្យស្លាប់បាន។ ករណីនេះងាយនឹងកើតមាន ជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម ។ល។
*លាប់សារចុះសារឡើង ប្រសិនបើមិនវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។
*ផលរំខានដែលបណ្ដាលមកពីការឈឺចាប់ ការរមាស់ និងការហូរខ្ទុះជាប្រចាំ

តាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ចំពោះអ្នកជំងឺបូសអន្ទង់នេះ ទៅលើរបបអាហា មិនតម្រូវឲ្យតមអ្វីទាំងអស់៕