(បាសេឡូណា)៖ ក្លិបយក្សអេស្ប៉ាញ FC Barcelona បាននាំចូលកីឡាករខ្សែប្រយុទ្ធ Memphis Depay ដែលនឹងផុតកិច្ចសន្យាជាមួយក្លិប Lyon របស់បារាំងបានបំណាច់ខែមិថុនានេះ ហើយបានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិបថ្មី អ្នកមានបុណ្យរយៈពេល ២ឆ្នាំផងដែរ។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ នេះថា Barcelona បានផ្តល់កិច្ចសន្យាឲ្យកីឡាករខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Depay រយៈពេល ២ឆ្នាំលេងនៅទឹកដី Camp Nou គ្រាដែលរូបគេកំពុងធ្វើបានល្អ ដែលជួយឲ្យហូឡង់ឈ្នះ ២ប្រកួតជាប់គ្នានៅ Euro 2020 ប្រចាំពូល C។

Depay ក៏រកបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ២-០ ទៅលើអូទ្រីស ក្រោយពេលយកឈ្នះក្រែន ៣-២ នៅថ្ងៃបើកឆាកយុទ្ធនាការពានជើងឯកអឺរ៉ុប UEFA Euro 2020 របស់ពួកគេដែលមានអូទ្រីស អ៊ុយក្រែន និងម៉ាសេដូនី ស្ថិតក្នុងពូលជាមួយគ្នា។

គួររំលឹកផងថា Memphis Depay បានផ្លាស់ទៅលេងឲ្យក្លិបបារាំង Lyon ក្នុងឆ្នាំ២០១៧ ក្រោយខកចិត្ត ២រដូវកាលជាមួយក្លិបអង់គ្លេស Manchester United ក្នុងនាមជាកីឡាករដែលផ្តើមអាជីពដំបូងជាមួយក្លិបក្នុងស្រុក PSV Eindhoven ហើយក៏ជាកីឡាករទី៣ ផងដែរដែល Barcelona នាំចូល ដើម្បីត្រៀមរដូវកាលឆ្នាំ២០២១-២០២២ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធ Sergio Aguero និងខ្សែការពារ Eric Garcia៕