(ភ្នំពេញ)៖ ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកមិនថានៅក្នុងរង្វង់គ្រួសារ ឬនៅក្នុងសង្គមជាក់ស្ដែងនោះទេតែងតែមានជម្លោះឬវិវាទ រវាងគ្នានឹងគ្នាតិច ឬច្រើនដោយជៀសមិនផុត ហើយជាទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅគ្រប់វិវាទទាំងអស់ដែលបានកើតឡើង គិតទាំងក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការងារ ។ល។ ត្រូវបានប្រើប្រាស់នូវយន្តការតុលាការ និងយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដូចជាការចរចា និងការផ្សះផ្សាជាអាទិ៍ មកធ្វើការដោះស្រាយនូវវិវាទទាំងនោះដោយផ្អែកលើមូលដ្ឋានច្បាប់ជាធរមាន ។

ទៀតសោត ទោះបីជាភាគីសម្រេចយកយន្តការណាមួយមកដោះស្រាយវិវាទដូចមានរៀបរាប់ខាងលើ ក្នុងនោះតែងតែមានការសាកសួរដោយមានគោលគំនិតចង់ឱ្យភាគីផ្សះផ្សាគ្នា ហើយក្នុងករណីដែលភាគីគិតពិចារណាព្រមផ្សះផ្សាគ្នាតាមការសះជា នោះភាគីត្រូវធ្វើកិច្ចសន្យាមួយហៅថា កិច្ចសន្យាសះជាដើម្បីជាភ័ស្តុតាងក្នុងការបញ្ចប់វិវាទ ។ ដូច្នេះតើអ្វីទៅជាការសះជា?

ដើម្បីឱ្យយល់កាន់តែច្បាស់អំពីការសះជា ក្នុងសប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការសះជា» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

យោងតាមមាត្រា៧២៤ នៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យនិយមន័យនៃការសះជា សំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីបានព្រមព្រៀងបញ្ចប់វិវាទដែលមានរវាងគ្នានឹងគ្នា ដោយធ្វើសម្បទានទៅវិញទៅមក ។ ឧទាហរណ៍៖ លោក «ក» បានបើកឡានទៅប៉ះឡាន លោក «ខ» ធ្វើឱ្យឡានលោក «ខ» ខូចខាតត្រូវយកទៅជួសជុល ។ ក្នុងករណីនេះភាគីមានវិវាទគ្នាលើប្រាក់សំណងនៃការខូចខាត តែក្រោយពីមានវិវាទភាគីទាំងពីរបានព្រមព្រៀងគ្នាលើចំនួនទឹកប្រាក់នៃសំណងតាមរយៈការចរចា ដោយការបង្កើតកិច្ចសន្យាសះជាដើម្បីបញ្ចប់វិវាទ។

លើសពីនេះក្នុងកិច្ចសន្យាសះជាភាគីអាចចែងបន្ថែមនូវខសន្យា អំពីប្រាក់ធានាសំណងក្នុងករណីភាគីណាមួយ បានបំពានកិច្ចសន្យាដោយមិនបានអនុវត្តកិច្ចសន្យានេះ ពោលកិច្ចសន្យាមួយកើតឡើងបានដោយមានការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តរបស់ភាគីដោយព្រមទទួលយកនូវរាល់លក្ខខណ្ឌទាំងអស់នៅក្នុងកិច្ចសន្យា ប៉ុន្តែក្នុងករណីដែលភាគីណាមួយមិនបានអនុវត្តតាមការព្រមព្រៀងនៅក្នុងកិច្ចសន្យា នឹងធ្វើឱ្យលក្ខខណ្ឌក្នុងកិច្ចសន្យាមិនអាចអនុវត្តបាន ។ ទើបច្បាប់បានបញ្ញត្តិឱ្យភាគីមានសិទ្ធិចែងខសន្យាបន្ថែម ដែលមានបញ្ញត្តិក្នុងមាត្រា៧២៦ នៃក្រមរដ្ឋប្បវេណីនៅចំណុចដែល ភាគីអាចនឹងមានការបារម្ភថា ភាគីណាមួយមិនអនុវត្តលើកិច្ចសន្យាបាន។

ជាមួយគ្នាផងដែរដើម្បីអនុវត្តនូវកិច្ចសន្យាសះជាបានភាគីត្រូវមានលក្ខខណ្ឌកម្មវត្ថុ ដែលជាកម្មវត្ថុនៃការសះជា ដូចមានកំណត់ក្នុងមាត្រា៧២៥ ខាងក្រោម៖

១៖ ដើម្បីធ្វើការសះជា ភាគីត្រូវមានសិទ្ធិអំណាចចាត់ចែងវត្ថុដែលជាកម្មវត្ថុមាននៅក្នុងការសះជានោះ ។ ឧទាហរណ៍៖ ភតិកៈ(អ្នកជួល)ដីធ្លីមួយកន្លែង មិនអាចធ្វើការសះជាគ្នាចំពោះវិវាទព្រំដី ជាមួយម្ចាស់កម្មសិទ្ធិដីធ្លីនៅជាប់ដីដែលគាត់ជួលបាននោះទេ ។ ទោះបីបានធ្វើកិច្ចសន្យាសះជាក៏ដោយ ក៏កិច្ចសន្យាសះជានោះត្រូវទុកជាមោឃៈដែរ ហើយម្ចាស់កម្មសិទ្ធិដីជាប់គ្នានោះ មិនអាចយកកិច្ចសន្យាសះជានោះទៅធ្វើការអះអាងជាមួយម្ចាស់ដីដែលជាម្ចាស់ដែលបានជួលនោះទេ។

២៖ ការសះជា ដើម្បីធ្វើឱ្យទំនាក់ទំនងគតិយុត្តដែលមោឃៈ ដោយសារភាពផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ ឬទំនៀមទម្លាប់ល្អ ឬបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឱ្យមានអនុភាពឡើងនោះ ត្រូវទុកជាមោឃៈ។

បន្ថែមពីនេះទៀតក្នុងករណីថា ភាគីធ្លាប់មានទំនាក់ទំនងគតិយុត្តពីមុនមក តើទំនាក់ទំនងនោះនឹងក្លាយទៅជាយ៉ាងណាក្នុងករណីមានកិច្ចសន្យាសះជា? យោងតាមស្មារតីនៃមាត្រា៧២៧ អានុភាពនៃការសះជា ក្នុងករណីដែលទទួលស្គាល់ថាភាគីម្ខាងមានសិទ្ធិ ឬបានទទួលស្គាល់ថាភាគីម្ខាងទៀតគ្មានសិទ្ធិលើកម្មវត្ថុនៃវិវាទ ដោយការសះជា ហើយបើបានរកឃើញភ័ស្តុតាងដែលសន្និដ្ឋានបានថា ភាគីនោះគ្មានសិទ្ធិនោះតាំងពីដើមមក ឬបើបានរកឃើញភ័ស្តុតាងដែលសន្និដ្ឋានបានថា ភាគីម្ខាងទៀតមានសិទ្ធិនោះ ត្រូវចាត់ទុកថា សិទ្ធិនោះត្រូវបានផ្ទេរទៅឱ្យភាគីនោះដោយការសះជា ឬត្រូវចាត់ទុកថាសិទ្ធិរបស់ភាគីម្ខាងទៀតត្រូវបានរលត់។

ឧទាហរណ៍៖ វិវាទអំពីសាច់ប្រាក់ ក្នុងសំណងនៃការខូចខាតដោយសារគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះ «A» បានទាមទារសំណងនៃការខូចខាតចំនួន ២០០ ដុល្លារ រីឯជនបង្កវិញបានអះអាងថាការខូចខាតមានតែ ១០០ ដុល្លារ តែប៉ុណ្ណោះ ។ ក្រោយមកពួកគេក៏បានសះជាគ្នាដោយកំណត់យកសំណងនៃការខូចខាតត្រឹមចំនួន ១៥០ ដុល្លារ ។ ស្រាប់តែក្រោយមករកឃើញភ័ស្តុតាងថា ការខូចខាតមានចំនួន ១៨០ ដុល្លារ ដូច្នេះសិទ្ធិទាមទារនូវសំណងបន្ថែមនៃការខូចខាតចំនួន ៣០ ដុល្លារទៀតរបស់ «A» ត្រូវបានរលត់ «A» មិនអាចទាមទារបានឡើយ ។ ផ្ទុយទៅវិញ ប្រសិនបើការខូចខាតពិតមានតែ ១៣០ ដុល្លារ នោះប្រាក់ចំនួន ២០ ដុល្លារដែល «B» បានផ្ទេរទៅឱ្យ «A» រួចហើយ ប្រាក់នោះ «B» មិនអាចទាមទារឱ្យ «A» ប្រគល់ឱ្យខ្លួនវិញបានទេ ដោយអានុភាពនៃកិច្ចសន្យាសះជា ។ ដូច្នេះហើយបានជាមាត្រានេះចែងថា អានុភាពនៃការរលត់ ឬការផ្ទេរសិទ្ធិនឹងកើតមានឡើងដោយសារកិច្ចសន្យាសះជា ដើម្បីកុំឱ្យមានបញ្ហាទាមទារសំណងនៃសេចក្ដីចម្រើនដោយឥតហេតុកើតឡើងពេលក្រោយទៀត។

សរុបមកការសះជា គឺជាសកម្មភាពព្រមព្រៀងគ្នារបស់ភាគីដែលស្ដែងឡើងតាមការបង្ហាញឆន្ទៈរបស់គូភាគី។ ប៉ុន្តែទោះបីក្រោយមកក្នុងករណីដែលបានសះជា តែភាគីណាមួយមានការភាន់ច្រឡំអំពីម្ចាស់សិទ្ធិ ឬអង្គហេតុដែលជាមូលដ្ឋាននៃការគណនាតម្លៃកម្មវត្ថុ ដោយបានធ្វើសម្បទានគ្នាទៅវិញទៅមកអំពីម្ចាស់សិទ្ធិ អំពីអត្ថិភាព នត្ថិភាពនៃអង្គហេតុ ឬការវាយតម្លៃ ជាអាទិ៍ នោះភាគីពុំអាចយកមូលហេតុនៃការភាន់ច្រឡំពីម្ចាស់សិទ្ធិ ឬអត្ថិភាព នត្ថិភាពនៃអង្គហេតុ ឬការវាយតម្លៃ មកលុបចោលការសះជាបានឡើយ៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group.