(រ៉ូម)៖ វ៉េល ប្រាថ្នាត្រឹមស្មើប៉ុណ្ណោះពេលប៉ះក្រុមខ្លាំងអាសូរីអ៉ីតាលីយប់នេះ ដើម្បីរក្សាចំណាត់ថ្នាក់លេខ២ ពីក្នុងពូល A ដ្បិតអ៉ីតាលី ប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះដែលបានឈ្នះកៅអីទៅវគ្គ ១៦ក្រុមហើយនោះ បន្ទាប់ពីឈ្នះ ២ប្រកួតជាប់ៗគ្នា ហើយក៏ជាក្រុមដែលតែងតែធ្វើបានល្អផងដែរពេលប៉ះវ៉េល

ក្រុមដែលមានកីឡាករសំខាន់ Aaron Ramsey, Daniel James និង Gareth Bale ផងនោះ ត្រូវប៉ះម្ចាស់ផ្ទះអ៉ីតាលីក្នុងព្រឹត្តិការណ៍ Euro 2020 ចាប់ផ្តើមនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយប្រចាំពូល A ក្នុងកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។

ក្រុមជម្រើសជាតិទាំងពីរធ្លាប់ជួបគ្នា ៩ដងរួចមកហើយ ក្នុងនោះដែរ វ៉េលមិនដែលធ្វើបានល្អឡើយពោលគឺ វ៉េលឈ្នះអ៉ីតាលីតែ ២ដងប៉ុណ្ណោះ ខណៈការចាញ់វិញមានរហូតដល់ទៅ ៧ដងឯណោះ។ អ៉ីតាលីទើបតែឈ្នះតួកគី ៣ទល់នឹង០ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន និងឈ្នះស្វីស ៣ទល់នឹង០ ដូចគ្នានៅរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គ្រាដែលវ៉េលវិញបានលេងស្មើនឹងស្វីស ១ទល់នឹង១ និងឈ្នះតួកគី ២ទល់នឹង០ កាលពីថ្ងៃពុធ។

សម្រាប់ប្រវត្តិជួបគ្នារវាងវ៉េល និងអ៉ីតាលី ទាំង ៩ដងរួមមាន៖
១៖ ឆ្នាំ១៩៦៥ ចាញ់អ៉ីតាលី ៤ទល់១ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩៦៨ ចាញ់អ៉ីតាលី ១ទល់០ ក្នុងការប្រកួត World Cup
៣៖ ឆ្នាំ១៩៦៨ ចាញ់អ៉ីតាលី ៤ទល់១ ក្នុងការប្រកួត World Cup

៤៖ ឆ្នាំ១៩៨៨ ឈ្នះអ៉ីតាលី ៩ទល់១ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩៩៦ ចាញ់អ៉ីតាលី ៣ទល់០ ក្នុងការប្រកួតមិត្តភាព
៦៖ ឆ្នាំ១៩៩៨ ចាញ់អ៉ីតាលី ០ទល់២ ក្នុងការប្រកួត Euro
៧៖ ឆ្នាំ១៩៩៩ ចាញ់អ៉ីតាលី ៤ទល់០ ក្នុងការប្រកួត Euro
៨៖ ឆ្នាំ២០០០ ឈ្នះអ៉ីតាលី ២ទល់១ ក្នុងការប្រកួត Euro
៩៖ ឆ្នាំ២០០៣ ចាញ់អ៉ីតាលី ៤ទល់០ ក្នុងការប្រកួត Euro៕