(រ៉ូម)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ប្រចាំពូលនៅពេលលេងឈ្នះគូប្រជែងវ៉េលដោយលទ្ធផល ១-០ ក្នុងប្រកួតទី៣ ដែលទើបបញ្ចប់មុននេះនៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020។

កីឡាករខ្សែបម្រើប្រយុទ្ធ Matteo Pessina ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៣៩ ពីការបញ្ជូនរបស់មិត្តរួមក្រុម Marco Verratti ចុងវគ្គទី១ នៅមុនពេលវ៉េលនៅសល់សមាជិកតែ ១០នាក់ក្នុងវគ្គទី២ គ្រាដែល Ethan Ampadu ត្រូវបានពិន័យកាតក្រហមនៅនាទី៥៦។

នេះជាជ័យជម្នះ ៣ប្រកួតជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Roberto Mancini ក្នុងយុទ្ធនាការ Euro 2020 លើកទី១៦ នេះ ដោយឈរនៅកំពូលតារាងដាច់ពីក្នុងពូល A ដោយមាន ៩ពិន្ទុពេញនៅពេលវ៉េល ឈរនៅលេខ២ មាន ៤ពិន្ទុ និងស្វីសលេខ៣ មាន ៤ពិន្ទុដែរ និងតួកគីឈរបាតតារាងគ្មានពិន្ទុ ដោយលេង៣ប្រកួត ចាញ់ទាំងអស់៕