(អាមេរិក)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយថា ពិធីការិនីផ្នែកកំសាន្តសម្បូរវោហាស័ព្ទ កែវ ចាន់និមល និងគ្រួសារបានឆ្លងជំងឺកូវីដ-១៩ កាលពីកំឡុងខែមីនា ឆ្នាំ២០២១ ដែលគិតរហូតមកទល់នឹងបច្ចុប្បន្ន នាងនិងគ្រួសារបានជាសះស្បើយទាំងស្រុង ពីជំងឺដ៏កាចសាហាវនេះហើយ។ យ៉ាងណាមិញ នៅពេលនេះ កែវ ចាន់និមល និងគ្រួសារ បាននឹងកំពុងតែសាកថ្មជីវិត បង្កើតអនុស្សាវរីយ៍ល្អៗ ក្នុងដំណើរកំសាន្តលក្ខណៈគ្រួសារនៅទឹកដីសហរដ្ឋអាមេរិក។

បន្ទាប់ពីបានហោះទៅដល់ទឹកដីសហរដ្ឋអាមេរិក មហាជនសង្កេតឃើញថា កែវ ចាន់និមល ហាក់បំបាត់អស់ទុក្ខកង្វល់ ពោលគឺបានបង្ហោះរូបភាពជាបន្តបន្ទាប់ ពីដំណើរកំសាន្តទៅរមណីយដ្ឋានល្បីៗនានា។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២១នេះ នាងបានបង្ហោះរូបជាច្រើនសន្លឹក ទៅលេងកន្លែងកំសាន្តល្បីមួយឈ្មោះថា The Vessel នៅទីក្រុង ញូវយ៉ក ខណៈការទៅធ្វើដំណើរកំសាន្តនៅកន្លែងល្បីនេះ គឺបន្ទាប់ពីកន្លែងនោះ ទើបតែបើកឲ្យភ្ញៀវទេសចរណ៍ចូលទស្សនាកំសាន្តវិញបាន។

The Vessel at Hudson Yards ស្ថាបត្យកម្ម រូបសម្បុកឃ្មុំដ៏ទំនើបទាន់សម័យ ស្នាដៃច្នៃម៉ូដអគារនាពេលអនាគតរបស់ Thomas Heatherwick បានវិលមកបើកបម្រើសេវាកម្មជាថ្មីម្ដងទៀតហើយ កាលពីថ្ងៃទី២៨ ខែឧសភា ២០២១កន្លងទៅនេះ។ ជាមួយនឹងអគារដ៏ទាក់ទាញ The Vessel អាចធ្វើឲ្យអ្នកទេសចរ នាំគ្នាធ្វើដំណើរមកទស្សនា និងឡើងជណ្ដើរវិល ដែលផ្ដល់នូវបរិយាកាសពីទីខ្ពស់ និងមើលឃើញទស្សនីយភាពរបស់មហាទីក្រុង ញូវយ៉ក ដ៏គួរឱ្យប្លែកភ្នែក និងរំភើបចិត្ត ពីកាំជណ្ដើរប្រមាណជា ២ ៥០០កាំ ក្នុងរយៈកម្ពស់ ស្មើនឹងអគារ ១៦ជាន់។

ជាក់ស្តែង ការធ្វើដំណើរកំសាន្តរបស់ កែវ ចាន់និមល និងគ្រួសារ ទៅកន្លែងល្បីមួយនេះកំពុងតែធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការប្រើប្រាស់ជីវិតប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយ ក្រោយជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩៕