(ប៊ែកឡាំង)៖ លោក Joachim Low ធ្លាប់បានប្រកាសមុនគេហើយថា រូបលោកនឹងឈប់ដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 ដែលកំពុងធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ១១ថ្ងៃមកនេះ។

លោក Low ដែលបានដឹកនាំក្រុមស្ទាំងដែកអាល្លឺម៉ង់ឈ្នះជើងឯក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Euro 2016 នៅបារាំងផងនោះ បានដាក់ពាក្យឈប់ទៅកាន់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ តាំងពីមុនចាប់ផ្តើម Euro 2020 លើកទី១៦ មកម្ល៉េះ ក្រោយកាន់តំណែងជាគ្រូបង្វឹកនេះ មានរយៈពេល ១៥ឆ្នាំមកនេះ។

គ្រូបង្វឹកដែលឈរនៅចំណាត់ថ្នាក់លេខ១៥ ប្រចាំ Euro 2020 នេះ ពុំទាន់ដឹកនាំអាល្លឺម៉ង់ឈ្នះពានជើងឯកប្រចាំទ្វីបអឺរ៉ុប Euro នៅឡើយទេ នៅពេលចូលកាន់តំណែងជាអ្នកចាត់ការទូទៅតាំងពីឆ្នាំ២០០៦ មក ជំនួសកៅអីលោក Jurgen Klinsmann ដែលបានលាឈប់នោះ។

២ប្រកួតនៅ Euro 2020 ក្រោមការបង្វឹករបស់លោក Joachim Low អាល្លឹម៉ង់ទើបរកបាន ៣ពិន្ទុនៅពេលឈ្នះក្រុមការពារតំណែងជើងឯក ព័រទុយហ្គាល់ ៤-២ និងចាញ់បារាំង ១-០ នៅថ្ងៃបើកឆាកវគ្គសន្សំពិន្ទុពីក្នុងពូល F ចុងក្រោយគេក្នុងចំណោម ២៤ក្រុម៕