(អាមេរិក)៖ តារាសម្តែង និងជាតារាម៉ូដែលស្រីល្បីឈ្មោះរបស់អាមេរិក វ័យ៥១ឆ្នាំ លោកស្រី Uma Thurman ត្រូវបានរាយការណ៍មកថា កំពុងតែមានទំនាក់ទំនងស្នេហ៍ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានល្បី Bloomgerg គឺលោក Justin.B Smith ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

តាមសេចក្តីរាយការណ៍របស់ New York Time បានឲ្យដឹងថា នៅក្នុងពិធីជប់លៀងមួយ ដែលរៀបចំឡើងដោយលោក Smith នៅដើមខែនេះ ក៏មានតារាម៉ូដែល Uma Thurman ចូលរួមផងដែរ ក្នុងចំណោមភ្ញៀវដែលត្រូវបានអញ្ជើញ ខណៈប្រភពមួយចំនួនបានលើកឡើងថា តារាស្រី Uma Thurman កំពុងមានទំនាក់ទំនងស្នេហាជាមួយ លោក Smith។

ជុំវិញពាក្យចចាមអារ៉ាម ពីទំនាក់ទំនងស្នេហាជាមួយ នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានល្បី Bloomgerg គឺលោក Justin.B Smith នៅពេលនេះ, តារាសម្តែងលោកស្រី Thurman ត្រូវបានគេមើលឃើញថា នៅមិនទាន់មានមតិយោបល់អ្វីឡើយ ខណៈតារាស្រីរូបនេះត្រូវបានគេដឹងថា កន្លងមកធ្លាប់មានទំនាក់ទំនងស្នេហា និងរៀបការជាមួយបុរសចំនួន៣នាក់រួចទៅហើយ។ បច្ចុប្បន្នលោកស្រី មានកូនប្រុសស្រីចំនួន៣នាក់ផងដែរ៕