(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវហើយថា ប្រព័ន្ធដំណើរការ Windows 10 នឹងត្រូវផ្អាកឈប់ឱ្យប្រើ នៅ ក្នុងឆ្នាំ២០២៥ ប៉ុន្តែមិនបានប្រកាសឱ្យដឹងថា នឹងមានប្រព័ន្ធដំណើរការថ្មីណាមួយមកជំនួសនោះទេ ប៉ុន្តែថ្មីៗនេះ មានរូបភាព និងជាវីដេអូជាច្រើនត្រូវបានបែកធ្លាយនៅលើបណ្ដាញអនឡាញដោយអះអាងថា ជារូបភាព Windows 11។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet និង GSM Arena នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft នឹងរៀបចំមហាព្រឹត្តិការណ៍មួយនៅថ្ងៃទី២៤ ខែមិថុនា ពោលគឺប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បី ប្រកាស បង្ហាញប្រព័ន្ធដំណើរការថ្មី ដែលត្រូវបានគេសង្ស័យថា ជា Windows ។

នៅក្នុងរូបភាពដែលបានបែកធ្លាយយើងឃើញថា ប្រព័ន្ធដំណើរការ Windows 11 គឺបានផ្លាស់ប្ដូររូបរាងស្ទើរតែទាំងស្រុង ជាពិសេសគឺ Start Menu និង Taskbar ជាដើម ដោយមើលមួយភ្លេតអាចច្រឡំគ្នាជាមួយនឹង Mac OS របស់ ក្រុមហ៊ុន Apple។

បើទោះបីជាព័ត៌មានទាំងនោះមិនមែនជាព័ត៌មានផ្លូវការណ៍ក្ដី ប៉ុន្តែបើតាមរយៈរូបភាព និងវីដេអូគឺយើងសន្មត់បានថា វាគឺ ជា ប្រព័ន្ធដំណើរការថ្មីរបស់ Windows ខណៈដែលអ្នកប្រើប្រាស់ជាច្រើនបានចាប់អារម្មណ៍ជាមួយនឹងការរចនាម៉ូឌ និងរូបរាង ថ្មីរបស់វា បើទោះបីជាមានកន្លែងខ្លះដូចគ្នាទៅនឹង Mac OS ក្ដី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បញ្ឈប់ការ Upgrade ឬឈប់ចេញជំនាន់ថ្មីសម្រាប់កម្មវិធី Windows 10 និងដាក់ឱ្យឈប់ដំណើរការនៅឆ្នាំ២០២៥ ពោលគឺ១០ឆ្នាំបន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ខណៈដាក់ឱ្យប្រើប្រាស់កម្មវិធី Windows XP រយៈពេល ១២ឆ្នាំ, Windows 7 រយៈពេល ១០ ឆ្នាំ, Windows 8/8.1 មានរយៈពេល ៧ឆ្នាំ៕