(កូរ៉េ)៖ តារាចម្រៀងប្រុសល្បីឈ្មោះរបស់កូរ៉េ លោក Rain ត្រូវបានរាយការណ៍មកថា ទើបតែទទួលបានទឹកប្រាក់ចំណេញប្រហែលជាង ២៦លានដុល្លារអាមេរិក បន្ទាប់ពីលក់អាគារពាណិជ្ជកម្មផ្ទាល់ខ្លួនមួយកន្លែង នៅតំបន់ Cheongdam ទីក្រុងសេអ៊ូល នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ដែលបញ្ចេញនៅថ្ងៃទី២១ ខែមិថុនា នេះបានឲ្យដឹងថា តារាសម្តែង និងជាតារាចម្រៀង លោក Rain បានទិញអាគារមួយកន្លែងនោះ កាលពីឆ្នាំ២០០៨ ក្នុងតម្លៃប្រហែល ១៤.៨លានដុល្លារអាមេរិក និងទើបតែលក់វាក្នុងឆ្នាំនេះ ជាមួយទឹកប្រាក់ប្រហែល ៤៣.៦លានដុល្លារអាមេរិក។

គួរជម្រាបថា កន្លងមកលោកបានប្រើប្រាស់អាគារមួយកន្លែងនោះ សម្រាប់ក្រុមហ៊ុនផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Rain Campany»។ រយៈពេល១៣ឆ្នាំ អាគារមួយនោះ ទទួលបានប្រាក់ចំណេញ រហូតដល់ប្រមាណ២៦.៤លានដុល្លារអាមេរិក។ ប៉ុន្តែប្រាក់ចំណេញជាក់ស្តែង អាចតិចជាងនេះ បន្ទាប់ពីចំណាយពី ៧ទៅ ៨ពាន់លានវ៉ុន សម្រាប់ការជួសជុលអាគាររបស់លោក និងការខូចខាតនានា៕