(កំពង់ធំ)៖ កសិកម្ម គឺជាវិស័យមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចនៅកម្ពុជា និងជាផ្នែកមួយដ៏ចម្បងសម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋប្រទេសយើងភាគច្រើនជាកសិករ។ យោងតាមកត្តាភូមិសាស្ត្រកម្ពុជា មានភាពអំណោយផល ធ្វើឲ្យដំណាំកសិកម្ម ក៏មានភាពងាយស្រួលក្នុងការលូតលាស់ផងដែរ ពោលគឺប្រជាកសិករអាចដាំដំណាំជាច្រើនប្រភេទ ធ្វើជាមុខរបរប្រចាំថ្ងៃ។

ដោយឡែក បើគេពិនិត្យទៅលើដំណាំល្ម៉ើវិញ មិនសូវចម្ការណា ទទួលបានជោគជ័យចំពោះដំណាំដ៏ល្អប្រភេទនេះទេ គឺនិយាយជារួម មានអ្នកជោគជ័យតិចណាស់ ក្នុងការប្រកបរបរដាំល្ម៉ើ។ ជាក់ស្តែង ចម្ការល្ម៉ើមួយកន្លែង នៅក្នុងខេត្តកំពង់ធំ ទទួលបានទិន្នផលខ្ពស់លើសលប់ រហូតដល់ ៨០តោន ហើយចម្ការល្ម៉ើនេះ គ្រោងប្រមូលផលចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១តទៅ។

ដំណាំល្ម៉ើដែលទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ខាងលើ ស្ថិតនៅក្នុង «ចម្ការតាខ្នា» ដែលជាចម្ការដាំដុះដំណាំសុវត្ថិភាពមួយ ស្ថិតនៅក្នុងទឹកដីដ៏ល្អឯក នៃភូមិកំពង់ចិនជើង ឃុំកំពង់ចិនជើង ស្រុកស្ទោង (កែងគោល)។ ចម្ការមួយនេះ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦មកម្ល៉េះ។ នេះបើតាមការឲ្យដឹងពីបងស្រី ហ៊ុយ លក្ខិណា (Jenny) ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន LBN Group ។

នៅលើផ្ទៃដីសរុបប្រមាណជា ៣,០០០ហិកតា ចម្ការតាខ្នាបានធ្វើការដាំដុះនូវដំណាំចម្រុះ តាមបែបធម្មជាតិពិតៗ គឺទទួលទានហើយ មិនប៉ះពាល់ដល់សុខភាពឡើយ ដែលមានទាំងដំណាំហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម។ សម្រាប់ដំណាំហូបផ្លែមានដូចជា ល្ម៉ើ ក្រូចពោធិ៍សាត់ ក្រូចឆ្មារ ស្វាយចន្ទី ស្វាយកែវរមៀត ខ្នុរ និងមៀនប៉ៃលិន (តាង៉ែន) ឯដំណាំកសិ-ឧស្សាកម្មវិញរួមមាន កៅស៊ូ និងស្រូវ ជាដើម។

សម្រាប់ដំណាំល្ម៉ើនៅក្នុងចម្ការតាខ្នា ចាប់ផ្តើមដាំដុះនៅខែមេសា ឆ្នាំ២០១៧។ ពូជល្ម៉ើដែលត្រូវបានជ្រើសរើសយកមកដាំ មានពីរពូជផ្សេងពីគ្នា គឺពូជបាហ៉ី (Barhi) ជាពូជល្ម៉ើដែលមានផ្លែពណ៌លឿង និងពូជខូណេស៉ី (Khonaizi) ជាពូជល្ម៉ើដែលមានផ្លែពណ៌ក្រហម។ ពូជល្ម៉ើទាំងពីរប្រភេទនេះ គឺជាពូជជាលិកាសុទ្ធនាំចូលមកពីប្រទេសអារ៉ាប់ ត្រូវបានដាំដុះលើផ្ទៃដីប្រមាណជា ៤០ហិកតា នៃចម្ការទាំងមូល មានចំនួនសរុបទាំងអស់ ៧០០០ដើម។

រាល់ដំណាំល្ម៉ើនៅចម្ការតាខ្នា ត្រូវបានប្រើប្រាស់ដោយជីធម្មជាតិ គឺជីកំប៉ុសិ៍ដែលផ្សំឡើងដោយខ្លួនឯង ឬជីលាមកសត្វមាន់ ដើម្បីជួយជំរុញដល់ការលូតលាស់ និងធ្វើឲ្យដីធូ។ អស់រយៈ ៤ឆ្នាំពេញ ឆ្នាំនេះ គឺជាឆ្នាំទី២ហើយដែលចម្ការតាខ្មទទួលផលពីល្ម៉ើ ពូជបាហ៉ី (Barhi)។ ទិន្នផលដែលនឹងទទួលបានសម្រាប់ឆ្នាំនេះ មានចំនួនប្រហែលជា ៨០តោន បើប្រៀបធៀបជាមួយនឹងឆ្នាំទី១ ដែលទទួលបានត្រឹមតែ ១៥តោន តែប៉ុណ្ណោះ។ ការណ៍ដែលទទួលបានទិន្នផលខ្ពស់ លើសពីការរំពឹងទុក និងនៅតែអាចថែរក្សាបាននូវរសជាតិផ្អែម ស្រួយឆ្ងាញ់ ផ្លែធំរលោងគួរឲ្យចង់ទទួលទានបែបនេះ គឺកើតឡើងដោយសារការថែទាំដ៏យកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ ទាំងការស្រោចទឹក តាក់តែងផ្លែ និងដាក់ជីត្រឹមត្រូវទៅតាមបច្ចេកទេស។

ក្រៅពីអាចជួយបំពេញតម្រូវការខាងផ្នែកអាហារ ជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ហើយនោះ ផ្លែល្ម៉ើក៏អាចជួយបំពេញតម្រូវខាងផ្នែកសុខភាពបានដែរ ព្រោះនៅក្នុងផ្លែល្ម៉ើ វាមានផ្ទុកនូវសារធាតុដែលជួយបំប៉នដល់សុខភាពរាងកាយជាច្រើនប្រភេទដូចជា កាបូអ៉ីដ្រាត, ប្រូតេអ៉ីន, វីតាមីន A, B, B2, B3, B5, B6, B9, E, និង K, បេតា-ឃែរ៉ូទីន, លូទីន, ផូស្វ័រ, ប៉ូតាស្យូម, សូដ្យូម, កាកសរសៃ, ស្ករ, ដែក, សង្កីសី។ល។

ការទទួលទានផ្លែល្ម៉ើ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយដូចជា៖

* ជួយរក្សាតុល្យភាពនៃជាតិស្ករក្នុងឈាម
* ជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់
* ជួយបង្កើនសមត្ថភាពខួរក្បាល ជំនួយដល់ការចងចាំ
* ជួយរក្សាម៉ាស់ឆ្អឹង
* ជួយឲ្យស្បែកភ្លឺថ្លា
* ជំនួយបេះដូង បណ្តុះកោសិកាថ្មីៗ
* ជួយសម្រួលដល់បញ្ហាក្រពះពោះវៀន
* ជួយប្រឆាំងនឹងជំងឺមហារីក
* ជួយបង្កើនកម្លាំងដុតជាតិខ្លាញ់បានលឿន ល្អសម្រាប់អ្នកហាត់កីឡា
* ជួយកំចាត់ជាតិពុលចេញពីក្នុងឈាម
* ជួយប្រឆាំងនឹងការរលាក
* ជួយបង្កើនប្រព័ន្ធការពាររាងកាយ ប្រឆាំងបាក់តេរី និងវីរុសផ្សេងៗ
* ជួយព្យាបាលជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត
* ជួយធ្វើប្រព័ន្ធរំលាយអាហារដើរបានស្រួល
* ជួយបំប៉នលំពែងសម្រាប់អ្នកជំងឺទឹកនោមផ្អែម
* ជួយបំប៉នសុខភាពផ្លូវភេទទាំងបុរស និងនារី។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ «ចម្ការតាខ្នា» បានចុះកិច្ចសន្យាផ្គត់ផ្គង់ផ្លែល្ម៉ើនៅផ្សារម៉ាក្រូ ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១តទៅផងដែរ៕

ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖
* លេខទូរស័ព្ទ 085629629
* អ៉ីម៉ែល [email protected]