(ភ្នំពេញ)៖ បុគ្គលិក កម្មករសំណង់ និងប្រជាពលរដ្ឋដែលរស់នៅទាំងក្នុង និងក្រៅបុរីប៉េង ហួត ជាង២ម៉ឺននាក់ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំចាក់ការវ៉ាក់សាំង

ខណៈដែលអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងសរុបរហូត ៤៣,៤៤៦នាក់ គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ រាជរដ្ឋាភិបាល បាននឹងកំពុងមមារញឹក ក្នុងការប្រឹងប្រែងទប់ស្កាត់ និងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។

ជាក់ស្តែង គិតចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋចំនួន ២,១២៣៤នាក់ ដែលក្នុងនោះមានបុគ្គលិក កម្មករ និងជាងសំណង់បុរីប៉េងហួត ចំនួនជាង១ម៉ឺននាក់, ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅបុរី ចំនួនជាង១ម៉ឺននាក់ផងដែរ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១ និងដូសទី២បានរួចរាល់ នៅមជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។

ជាការរួមចំណែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរក្នុងការរៀបចំផ្តល់ទីតាំង។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈ បានថ្លែងថា ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ។ «ក្រុមហ៊ុន សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់»

សម្រាប់លោក លី ប៊ុនលុន ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅ បានសម្ដែងពីអារម្មណ៍បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ថា «ខ្ញុំសប្បាយចិត្ដណាស់ ពេលចាក់វ៉ាក់សាំងការពារជំងឺកូវីដរួចរាល់ លែងបារម្ដដូចមុនហើយ។ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល ដែលបានគិតគូរពីប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។ ជាមួយគ្នានោះ ក៏សូមអរគុណចំពោះក្រុមពេទ្យស្ម័គ្រចិត្តផងដែរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ស្ម័គ្រចិត្តក្នុងការរៀបចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ «លើសពីនោះ ខ្ញុំឃើញថាទីតាំងចាក់វ៉ាក់សាំងរបស់បុរី ប៉េង ហួត បានរៀបចំ គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានល្អមែនទែន ពាក់ព័ន្ធជាមួយការរក្សាគម្លាត និងសណ្តាប់ធ្នាប់ផ្សេងៗ។

គួររម្លឹកផងដែរថា ទោះជាទទួលបានការចាក់វ៉ាក់សាំងចំនួនពីរដូសរួចហើយក៏ដោយ សូមប្រជាពលរដ្ឋ កុំភ្លេចបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន៕