(កាតា)៖ ប្រទេសកាតា នឹងអនុញ្ញាតឲ្យតែអ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញប៉ុណ្ណោះ ក្នុងការចូលរួមទស្សនា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក (World Cup) នាឆ្នាំក្រោយ, នេះបើតាមសម្តីនាយករដ្ឋមន្ត្រីកាតា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

ប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រ Gulf Arab នេះ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ ដែលមានរយៈពេល៤សប្តាហ៍ នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ហើយប្រធាន FIFA បានលើកឡើងថា ការប្រកួត នឹងត្រូវធ្វើឡើង ដោយមានអ្នកទស្សនាពេញពហុកីឡដ្ឋាន។

លោកនាយករដ្ឋមន្ត្រី Sheikh Khalid bin Khalifa bin Abdulaziz Al Thani បានប្រាប់អ្នកសារព័ត៌មានថា ស្របពេលដែលប្រទេសជាច្រើន រំពឹងថា នឹងទទួលបានវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋពួកគេនោះ, កាតា នៅតែបន្តចាត់វិធានការ ដើម្បីធានាថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដោយជោគជ័យ។

«ថ្មីៗនេះ យើងបាននឹងកំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនមួយ ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន១លានដូស ដើម្បីចាក់លើមនុស្សមួយចំនួន ដែលចូលមកកាន់កាតា», នេះបើតាមលោកនាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មាន QNA ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុននោះទេ៕