(សានភីធើស្បើក)៖ កីឡាករ Hradecky ធ្វេសប្រហែសចូលទីខ្លួនឯង និង ១គ្រាប់របស់ Romelu Lukaku ឈ្នះ ១០០%ពីការប្រកួតសន្សំពិន្ទុប្រចាំពូល B ក្នុងចំណោម ៣ប្រកួតរបស់ពួកគេក្នុងយុទ្ធនាការ Euro 2020 នេះ។

តែយ៉ាងណាក្រុមកំពូលតារាងប៊ែលហ្សិក ទុកឲ្យហ្វាំងឡង់នៅចាំអ៊ុតលទ្ធផលក្រុមលេខ៣ ល្អបំផុតផងដែរ ដ្បិតពួកគេប្រាថ្នាត្រឹមស្មើនៅថ្ងៃបិទបញ្ចប់ពូល B នៅពេលដែលដាណឺម៉ាកយកឈ្នះរុស្ស៊ីដល់ទៅ ៤-១។

ប៊ែលហ្សិក ដែលជាក្រុមលេខ១ ចេញពីពូល B នោះ អាចនឹងជួបក្រុមលេខ៣ ចេញពីពូល A E ឬពូល F ស្របទៅតាមរូបមន្តរបស់ UEFA ដែលបានចែងក្នុង Euro 2020 លើកទី១៦ នេះសម្រាប់វគ្គ ១៦ក្រុមរបស់ពួកគេ ដ្បិតអ៉ីតាលី ដែលជាប់លេខ១ ប្រចាំពូល A នោះ ត្រូវប៉ះអូទ្រីសដែលជាប់លេខ២ ចេញពីពូល C នៅពេលហូឡង់ឈរនៅលេខ១។

សូមបញ្ជាក់ផងថា ព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអឺរ៉ុប European Championship 2020 ដែលមាន ១១ប្រទេសធ្វើសហម្ចាស់ផ្ទះ និងប្រកួតនៅ ១២កីឡដ្ឋានផ្សេងគ្នាផងនោះ បានដំណើរការអស់រយៈពេល ១១ថ្ងៃមកហើយ ក្នុងនោះដែររកឃើញ ៦ក្រុមដែលបានឈ្នះកៅអីទៅវគ្គ ១៦ក្រុមរួចរាល់ហើយដែររួមមាន ប៊ែលហ្សិក អ៉ីតាលី អូទ្រីស ហូឡង់ វ៉េល និងដាណឺម៉ាក ក្នុងចំណោម ២៤ប្រទេសដែលចូលរួម៕