(អាមេរិក)៖ បច្ចុប្បន្នម៉ាកសញ្ញាក្រុមហ៊ុនរបស់អាមេរិកដូចជា Amazon, Apple និង Google ជាដើម កំពុងតែនាំមុខគេ ប៉ុន្តែយោងតាមរបាយការណ៍ថ្មីៗនេះបានបង្ហាញឱ្យដឹងថា ម៉ាកសញ្ញារបស់ក្រុមហ៊ុនចិនកំពុងតែរំកិលឡើងមក Top Rank ជាបណ្ដើរៗ និងបានរុញច្រានក្រុមហ៊ុនអឺរ៉ុបជាច្រើនឱ្យធ្លាក់ទៅក្នុងបាតតារាងវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនស្រាវជ្រាវ និងវាយតម្លៃម៉ាកសញ្ញាជាសកល Kantar’s BrandZ បានបង្ហាញថា ក្រុមហ៊ុនចិនកំពុងតែកើនឡើងនូវតម្លៃទីផ្សារ ដែល នាំឱ្យពួកគេមានឱកាសឈានជើងឡើងមកកាន់ចំណាត់ថ្នាក់កំពូលតារាង។

នៅក្នុងរបាយការណ៍របស់ Kantar’s BrandZ បានបង្ហាញថា បច្ចុប្បន្នម៉ាកសញ្ញា Amazon មានតម្លៃនៅលើទីផ្សារ (world's most valuable brand) ប្រមាណ ៦៨៤ពាន់លានដុល្លារ ខណៈ Apple មានតម្លៃ ៦១២ពាន់លានដុល្លារ និង Google មានតម្លៃ ៤៥៨ពាន់លានដុល្លារអាមេរិក។

លោក Graham Staplehurst ប្រធានគ្រប់គ្រងយុទ្ធសាស្ត្រសកលរបស់ក្រុមហ៊ុន Kantar’s BrandZ បានលើកឡើងថា នាពេលនេះ ម៉ាកសញ្ញាក្រុមហ៊ុនបាននិងកំពុងតែមានប្រជាប្រិយភាពខ្ពស់ និងបានកើនឡើងតម្លៃ ជាក់ស្ដែងដូចជា Tencent ដែលជាក្រុមហ៊ុនបណ្ដាញសង្គម និងផលិតវីដេអូហ្គេមដ៏ធំ និងល្បីរបស់ចិន បានរំកិលខ្លួន មក ឈរនៅលេខរៀងទី៥ ខណៈ Alibaba នៅលេខរៀងទី៦។

លោក Graham Staplehurst បានបញ្ជាក់ថា មូលហេតុដែលម៉ាកសញ្ញាក្រុមហ៊ុនចិនភាគច្រើននាពេលបច្ចុប្បន្នកើនឡើង តម្លៃទីផ្សារ ដោយសារតែបច្ចេកវិទ្យារបស់ពួកគេមានភាពអស្ចារ្យ និងបំពេញនូវតម្រូវការសម្រាប់ទីផ្សារក្នុងស្រុក និងសកល លោកបានយ៉ាងល្អ ដូច្នេះហើយទើបកិត្តិនាមរបស់ពួកគេបានសាយភាយពាសពេញបណ្ដាញអនឡាញ។

យោងតាមរបាយការណ៍របស់ Kantar’s BrandZ បានបង្ហាញថា នាពេលបច្ចុប្បន្នបញ្ជីឈ្មោះក្រុមហ៊ុនចិនបានរំកិលឡើង មកកំពូលតារាងជាបណ្ដើរៗ ដោយនៅក្នុងឆ្នាំ២០២១ នេះ មានឈ្មោះក្រុមហ៊ុនចិន ១៤ភាគរយបានជាប់នៅក្នុងតារាង ១០០ នៃក្រុមហ៊ុនដែលមានម៉ាកសញ្ញាតម្លៃថ្លៃបំផុតនៅលើពិភពលោក ខណៈដែលក្រុមហ៊ុនអឺរ៉ុបមានត្រឹមតែ ៨ភាគរយ។

លោក Graham Staplehurst ក៏បានលើកឡើងបន្ថែមទៀងផងដែរថា នាពេលអនាគតដ៏ខ្លីនេះ ម៉ាកសញ្ញារបស់ ក្រុមហ៊ុន ចិន អាចនឹងឈរនៅកំពូលតារាង ហើយមានច្រើនក្រុមហ៊ុនទៀតផង ខណៈដែលនៅពេលនេះក្រុមហ៊ុនចិនចំនួន៥ បានរំកិល ខ្លួនពីលេខរៀងក្រោម ១០០ មកឈរនៅលេខរៀងចន្លោះពី ២០ ទៅ៣០៕