(ក្រុងឡុងដ៍)៖ ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ធ្លាប់ចាញ់សាធារណរដ្ឋឆែក ២-១ តែ ១ដងគត់កាលពីឆ្នាំ២០១៩ ពីប្រវត្តិជួបគ្នា ៤ដងមកនេះមុនពេលប៉ះគ្នាជាថ្មីរំលងអាធ្រាត្រនេះនៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020។

ជំនួបរវាងអង់គ្លេស និងឆែក ធ្វើឡើងនាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល D នៅឯកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

មែនទែនទៅអង់គ្លេស និងឆែក ស្ទើរតែឈ្នះកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយនៅ Euro 2020 នេះទៅហើយ ដែលមាន ៤ពិន្ទុស្មើគ្នាឈរនៅកំពូលតារាងបណ្តោះអាសន្ន និងជាក្រុមលេងមិនទាន់ចាញ់ដូចគ្នា ក្រៅពីឈ្នះ១ និងស្មើ១ប្រកួតផងនោះ។

តាំងពីធ្លាប់ជួបគ្នា ៤ដងនាពេលកន្លងមក ក្នុងនោះអង់គ្លេស ឈ្នះឆែក ២ដង ចាញ់ ១ដង និងស្មើ ១ដង រួមមាន៖
១៖ ឆ្នាំ១៩៩៨ ឈ្នះឆែក ២ទល់០ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ២០០៨ ស្មើឆែក ២ទល់២ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ២០១៩ ឈ្នះឆែក ៥ទល់០ ក្នុងការប្រកួត Euro ជើងទី១
៤៖ ឆ្នាំ២០១៩ ចាញ់ឆែក ២ទល់១ ក្នុងការប្រកួត Euro ជើងទី២៕