(អាមេរិក)៖ ខ្សែភាពយន្តហូលីវីដល្បី «Fast & Furious 9» ឬ F9 ត្រូវបានរាយការណ៍មកថា រកចំណូលពីការចាក់បញ្ចាំងក្រៅស្រុក បានជិត៣០០លានដុល្លារអាមេរិកបាត់ទៅហើយ ខណៈរឿងនេះក៏បានសម្ពោធរួចរាល់ ត្រៀមចាក់បញ្ចាំងជាផ្លូវការ នៅទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Gadgets 360 នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

រឿង F9 រហូតមកទល់នឹងពេលនេះ ទទួលបានប្រាក់ចំណូលចំនួន ២៩២.១ លានដុល្លារអាមេរិក ពីការចាក់បញ្ចាំងនៅបណ្តាប្រទេសផ្សេងលើពិភពលោក ដូចជាអូស្ត្រាលី, ឥណ្ឌូនេស៊ី, សាធារណរដ្ឋឆែក និងប្រទេសជាច្រើនទៀត ខណៈទីផ្សារដ៏ធំបំផុតសម្រាប់ភាពយន្តមួយនេះ គឺអាមេរិកនៅមិនទាន់ចាក់បញ្ចាំងនោះឡើយ។

តែយ៉ាងណា កាលពីសប្តាហ៍មុនគេសង្កេតឃើញថា តារាសម្ដែងអាមេរិក Vin Diesel រួមជាមួយមិត្តរួមក្រុមក្នុងភាពយន្ត «F9: The Fast Saga» បានបង្ហាញខ្លួនលើព្រំក្រហមនៃកម្មវីធីសម្ពោធបញ្ចាំងពិសេស នៅក្នុងទីក្រុង Los Angeles មុនការបញ្ចាំងផ្លូវការនៅអាមេរិក ចាប់ផ្ដើមនៅថ្ងៃទី២៥ មិថុនា ខាងមុខ សម្រាប់វគ្គចុងក្រោយនៃស៊េរីភាពយន្តប្រណាំងឡានដ៏ល្បីមួយនេះ។

គួរបញ្ជាក់ថា សាច់រឿងនៃខ្សែភាពយន្ត «F 9» គឺផ្ដោតលើការដេញបង្ក្រាបរបស់តួអង្គតារាសាច់ដុំ Vin Diesel និងក្រុមរបស់គេចំពោះតួអង្គអាក្រក់ឈ្មោះ Cipher។ អ្នកដឹកនាំ Justin Lin ដែលធ្លាប់បានដឹកនាំភាពយន្ត «Fast and Furious» ចំនួន៤វគ្គមកហើយ បានមកដឹកនាំ និងចូលរួមសរសេរសាច់រឿងវគ្គទី៩នេះផងដែរ។ រឿង «F9» នេះមានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនទៀតដូចជា Michelle Rodriguez, Tyrese Gibson, Ludacris, John Cena, Helen Mirren និង Kurt Russell ជាដើម៕