(ចិន)៖ លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance Ltd ដែលជាមេធំរបស់ TikTok បានបរិច្ចាគលុយ ជាង ៧៧លានដុល្លារ ដល់មូលនិធិអប់រំមួយនៅក្នុងស្រុកកំណើតរបស់គាត់ ខណៈដែល រដ្ឋាភិបាលចិន កំពុងតែ បើកការស៊ើប អង្កេត យ៉ាងខ្លាំងទៅលើក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកពាក់ព័ន្ធពន្ធ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មហាសេដ្ឋី វ័យ ៣៨ឆ្នាំរូបនេះ បានផ្ទេរលុយទៅកាន់មូលនិធិ Fangmei Educational Development Fund ដើម្បីបម្រើ ដល់ វិស័យ អប់រំនៅក្នុងតំបន់។

មូលនិធិនេះត្រូវបានផ្ដល់សំខាន់លើវិស័យអប់រំផ្នែកបច្ចេកវិទ្យា ព្រោះថាលោក Zhang Yiming គឺជាមនុស្សម្នាក់ ដែល ចូលចិត្តខាងបច្ចេកវិទ្យា ហើយលោកក៏សម្រេចគោលបំណងរបស់លោកផងដែរ ដែលបានក្លាយជាកំពូលមហាសេដ្ឋី លំដាប់ ទី៤នៅក្នុងស្រុកចិន ជាមួយនឹងទ្រព្យសម្បត្តិជាង ៤៤.៥ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា លោក Zhang Yiming បានប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺលោកបានសម្រេចចិត្តលាឈប់ ពី នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន ByteDance នៅចុងឆ្នាំនេះ ដោយលោកចង់យកពេលវេលាទៅផ្ដល់ការងារសំខាន់ លើវិស័យ អប់រំតាមរយៈមូលនិធិរបស់លោក៕