(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី២២ ខែមិថុនានេះ បានបន្ដរៀបចំកិច្ចប្រជុំលក្ខណៈចង្អៀតតាមប្រព័ន្ធអនឡាញ ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីត្រួតពិនិត្យកម្មវិធីពិសេសមួយទៀត ជុំវិញការត្រៀមរៀបចំកម្មវិធីសម្ដែងទទួលទង់ និងទទួលសិទ្ធធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ពីវៀតណាម ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ។

ក្រោយបញ្ចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ បានជជែក និងពិនិត្យលម្អិតលើកម្មវិធីខាងលើ ដើម្បីត្រៀមបង្ហាញនូវទស្សនីភាពដ៏អស្ចារ្យឲ្យសាកសមជាប្រទេស ដែលមានអរិយធម៌ និងវប្បធម៌ជ្រាលជ្រៅ ជាពិសេសជាប្រទេស ដែលមានរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា។ ដូច្នេះកម្ពុជានឹងរៀបចំការសម្ដែង ដោយមានការបូកបញ្ចូលគ្នានូវទស្សនីយភាពសំខាន់ៗ ៣ ដើម្បីអបអរសាទរកម្មវិធីដ៏មានអត្ថន័យនេះ ទី១-វប្បធម ទី២-ទេសចរណ៍ និងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងទី៣-និយាយពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ការសម្ដែងនេះ យើងនឹងចែកចេញជាច្រើនវគ្គ ដែលយើងឃើញថា ក្នុងរយៈពេលជាង ១០នាទី ដែលជាការផ្ដល់នូវពេលដោយកម្ពុជាត្រូវសម្ដែងស្វាគមន៍គេ និងយកកម្ពុជាទៅបង្ហាញគេនៅក្នុងពិធីបិទស៊ីហ្គេម នៅវៀតណាម ហើយស្វាគមន៍គេមកកម្ពុជា។ ចឹងជាទិដ្ឋភាពយើងឃើញថា ការរៀបចំខ្លឹមសារទាំងមូល ចែកចេញជា ៣ប្រភេទ ទី១-និយាយពីវប្បធម៌ ទី២-និយាយពីទេសចរណ៍ និងការរីកចម្រើននៃកម្ពុជា និងទី៣-និយាយពីភាពរីកចម្រើននៃវិស័យកីឡារបស់យើង គេហៅថា កម្ពុជាការត្រៀមរៀបចំស៊ីហ្គេមហ្នឹង បានន័យថា រួចរាល់អស់ហើយ»

«អញ្ចឹងក្នុង ៣ចំណុចដ៏សំខាន់នេះ យើងនឹងបូកបញ្ចូលគ្នាក្លាយទៅជាទស្សនីយភាពតែមួយ ដែលមានតាំងពីរបាំ ចម្រៀង និងក្បាច់គុនល្បុក្កតោជាដើម ។ អញ្ចឹងអ្វីដែលយើងកំពុងតែរៀបចំនេះ តាមរយៈការពិនិត្យរបស់ឯកឧត្តមបណ្ឌិត ថោង ខុន និងការបូកសរុបចុងក្រោយ គឺក្រុមអ្នកជំនាញរបស់យើង ខាងផ្នែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមែប្រមូលនូវបណ្ឌិត សាស្ដ្រាចារ្យខាងផ្នែកវប្បធម៌ តន្ដ្រី និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតនូវទស្សនីយភាព និងការសម្ដែងមួយដ៏អស្ចារ្យ ហើយមានភាពទាក់ទាញ សម្រាប់ត្រៀមចូលរួមកម្មវិធីទទួលទង់ស៊ីហ្គេមពីវៀតណាម» ។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបន្ដថា អ្វីដែលពិសេសមួយទៀតនេះ គឺការរៀបចំវីដេអូខ្លី ដើម្បីផ្សព្វផ្សាយពីកម្ពុជាទៅក្រៅប្រទេសនេះ នឹងត្រូវចែកចេញជា ២ ទី១-វីដេអូប្រម៉ូសិនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលត្រូវប្រមូលផ្ដុំនូវសកម្មភាពកីឡា និងទិដ្ឋភាពវិស័យទេសចរណ៍ វប្បធម៌ បូកបញ្ចូលគ្នាឲ្យទៅជាវីដេអូខ្លីមួយ តែមានខ្លឹមសារគ្រប់គ្រាន់ និងទី២-វីដេអូធ្វើទៅតាមរបាំ និងចម្រៀង ដូចជារបាំអប្សរា និងគុនល្បុក្កតោជាដើម ដោយមានភ្ជាប់នូវចម្លាក់តាមប្រាសាទអង្គរវត្ត ពោលគឺធ្វើឡើងដោយម៉ត់ចត់បំផុត ដើម្បីបង្កើនភាពទាក់ទាញ ក្នុងការរៀបចំកម្មវិធីទទួលទង់ស៊ីហ្គេមពីវៀតណាមនេះ។

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ទោះបីវៀតណាម នៅមានភាពស្រពេចស្រពិលក្នុងការរៀបចំស៊ីហ្គេម ឆ្នាំ២០២១ តែកម្ពុជា មិនរង់ចាំកិច្ចការទាំងអស់នេះឡើយ ពោលគឺគណៈកម្មាធិការជាតិ CAMSOC បានរៀបចំ និងអនុវត្តតាមប្រតិទិនការងារ និងផែនការយុទ្ធសាស្ដ្ររបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា «ទោះបីយើងមិនទាន់ដឹងច្បាស់ថា វៀតណាម លើកពេល ឬអត់ ធ្វើ ឬមិនធ្វើ ក៏ប៉ុន្ដែអ្វីដែលជាកិច្ចរបស់យើង យើងនៅតែបន្ដធ្វើ លុះណាដែលដល់ពេលណាមួយ ដែលយើងទទួលបានព័ត៌មានច្បាស់លាស់ហើយ ទើបយើងធ្វើការកែសម្រួល ឬកែប្រែលើផែនការយុទ្ធសាស្ដ្ររបស់យើង»។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានីហាណូយ គ្រោងដំណើរការប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ។ ប៉ុន្ដែដោយសារវិបត្តិកូវីដ-១៩ វៀតណាម បានស្នើគណៈកម្មាធិការអូឡាំពិកប្រទេសនីមួយៗ អំពីការចង់ពន្យារពេលទៅពាក់កណ្ដាលឆ្នាំ២០២២ តែមិនទាន់សម្រេចផ្លូវការឡើយ។ ប៉ុន្ដែយោងតាមលក្ខខណ្ឌស៊ីហ្គេម ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍តំបន់នេះ ម្ចាស់ផ្ទះនឹងត្រូវធ្វើការប្រគល់ទង់ស៊ីហ្គេម ដល់ម្ចាស់ផ្ទះបន្ដវេណ ហេតុនេះកម្ពុជា ក៏ត្រូវត្រៀមខ្លួន និងរៀបចំនូវកម្មវិធីសម្ដែងផ្សេងៗ ដើម្បីអបអរការត្រៀមទទួលទង់ស៊ីហ្គេមពីវៀតណាមផងដែរ៕