(ភ្នំពេញ)៖ រយៈពេលជាង ១សប្ដាហ៍មកហើយដែលក្រុមកីឡាករជម្រើសជាតិ កីឡាទោចក្រយានកម្ពុជា ៣រូបរួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ដែលដឹកនាំរបស់គ្រូបង្វឹក លោក ខ្លូត ករណី បានធ្វើដំណើរទៅដល់ប្រទេសបារាំង ដើម្បីបោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ពិសេសសម្រួចសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្តង។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានឲ្យដឹងថា បន្ទាប់ពីធ្វើដំណើរដល់ប្រទេសបារាំង កីឡាករជម្រើសជាតិកម្ពុជាទាំង ៣រូបបានធ្វើការហ្វឹកហាត់យ៉ាងសកម្ម ដោយជិះកង់ជុំវិញតំបន់ភ្នំមួយនៅទីនោះ ដើម្បីឲ្យស្គាល់ផ្លូវជាមុនសិន។ បន្ទាប់ពីថ្នឹកនឹងផ្លូវហើយ ពួកគេបានព្យាយាមហ្វឹកហាត់កាន់តែខ្លាំង ដោយជំហានដំបូង នៃការចាប់ផ្ដើមយុទ្ធនាការហ្វឹកហាត់លើទឹកដីអឺរ៉ុបនេះ កីឡាករម្នាក់ៗបានជិះជាង ១០០គីឡូម៉ែត្រឯណោះក្នុង ១ថ្ងៃៗ។

សហព័ន្ធរំពឹងយ៉ាងមុតមាំថា តាមរយៈការបោះជំរំហ្វឹកហាត់រយៈពេល ៣ខែនៅប្រទេសបារាំងនេះ នឹងពង្រឹងសមត្ថភាព ក៏ដូចជាបច្ចេកទេសរបស់កីឡាករជម្រើសជាតិកីឡាទោចក្រយានកម្ពុជាកាន់តែប្រសើរ ដើម្បីសម្រួចសមិទ្ធផល ក្នុងគោលដៅត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ (បើគ្មានការប្រែប្រួល) ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ លោក នូ ចំរើន បន្ថែម។

អគ្គលេខាធិការសហព័ន្ធដដែលបានរំឮកថា បេសកកម្មហ្វឹកហាត់ត្រៀមស៊ីហ្គេមនៅប្រទេសបារាំងនេះ ធ្វើឡើងក្រោមការផ្គត់ផ្គង់ និងសម្របសម្រួលរបស់សមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំង ដោយនឹងមានការហ្វឹកហាត់ជាមួយកីឡាករបរទេស ហើយអាចចូលរួមការប្រកួតនានានៅតំបន់អឺរ៉ុបទៀតផង។ តាមការគ្រោងទុក សហព័ន្ធក៏នឹងបញ្ជូនកីឡាករ-កីឡាការិនី ១ក្រុមទៀតទៅហ្វឹកហាត់ក្រៅប្រទេសនាពេលខាងមុខ ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕
ត់នៅក្រៅប្រទេសដែរ៕