(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៅ Euro 2020 ជាផ្លូវការហើយ ក្រោយពេលយកឈ្នះគូប្រជែងសាធារណរដ្ឋឆែកនៅថ្ងៃប្រកួតបិទពូល D នារាត្រីរឈានចូលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

អង់គ្លេស ត្រូវជួបក្រុមលេខ២ នៃពូល F ដែលមានអាល្លឺម៉ង់ ហុងគ្រី ក្រុមការពារតំណែងជើងឯក ព័រទុយហ្គាល់ និងជើងឯករងបារាំង កាលពីឆ្នាំ២០១៦ ផងដែរ ដ្បិតពួកគេស្ថិតក្នុងពូលជាមួយគ្នា គ្រាដែលតោកំណាចបញ្ចប់ក្នុងតំណាត់ថ្នាក់លេខ១ ប្រចាំពូល D។

ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Manchester City, Raheem Sterling ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី១២ ពីការបញ្ជូនរបស់ Jack Grealish នាកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។ នេះជាជ័យជម្នះលើកទី២ របស់ពួកគេផងដែរ ក្នុងចំណោម ៣ប្រកួតសន្សំពិន្ទុក្នុងពូល D ក្រៅពីឈ្នះក្រូអាត ១-០ ស្មើស្កុតឡេន ០-០ មុនមកឈ្នះសាធារណរដ្ឋឆែក ១-០៕