(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមិថុនានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំកម្មវិធីអបអរសាទរ «ទិវាអូឡាំពិក» លើកទី១២៧ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។ ឆ្លៀតឱកាសនេះ NOCC និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ចលនាអូឡាំពិកដ៏ធំនៅកម្ពុជា ក្រោមយុទ្ធនាការ «យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (SEA GAMES-ASEAN PARA GAMES) ឆ្នាំ២០២៣ ទាំងអស់គ្នា!»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC បានបញ្ជាក់ថា «ដើម្បីចូលរួមអបអរសាទ ទិវាអូឡាំពិក លើកទី១២៧ ឆ្នាំ២០២១ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC នឹងឆ្លៀតយកឱកាសធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍ចលនាអូឡាំពិដ៏ធំនៅកម្ពុជា គឺការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលយើងទាំងអស់គ្នាចាត់ទុកជាព្រឹត្តិការណ៍នៃចលនាអូឡាំពិក មិនមែនសម្រាប់តែកម្ពុជានោះទេ គឺសម្រាប់ចលនាអូឡាំពិកអន្ដរជាតិទាំងមូល»

លោកថា យុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោយមានការជំរុញពីលោករដ្ឋមន្ដ្រី ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ក្នុងការរៀបចំឲ្យមានឧបករណ៍សម្រាប់ផ្សព្វផ្សាយមួយ ដែលទទួលបានការឯកភាពពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងប្រធាន CAMSOC កាលពីថ្មីៗ គឺផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មអំពីស៊ីហ្គេម និងអាស៊ានប៉ារ៉ានៅកម្ពុជា។ ដូច្នេះលោកបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ប្រជាពលរដ្ឋ និងយុវជនទូទាំងប្រទេសចូលរួមយុទ្ធនាការនេះទាំងអស់គ្នា។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា នេះគឺជាជំហានដំបូងសម្រាប់ការផ្សព្វផ្សាតាមអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងបរិបទកូវីដ-១៩ ដោយមិនមានការប្រមូលផ្ដុំនោះទេ។ ប៉ុន្ដែជំហានបន្ទាប់ CAMSOC នឹងបញ្ជ្រៀបការផ្សព្វផ្សាយនេះទៅដល់គ្រប់រាជធានី-ខេត្ត តាមរយៈការបោះពុម្ភនូវផ្ទាំងផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយផ្ដល់ជូនអភិបាលរាជធានី-ខេត្តទាំងអស់ដែលជាអនុប្រធានរបស់ CAMSOC។ នេះបើតាមការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកបណ្ឌិត ថោង ខុន។

គួរដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កាលបរិច្ឆេទត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់ខាងលើរួចហើយ ដោយការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមវិញ នឹងដំណើរការប្រកួតពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល។ បច្ចុប្បន្នកម្ពុជា ពិសេសគណៈកម្មាធិការជាតិ CAMSOC បាននឹងកំពុងអនុវត្តការងារយ៉ាងស្វាហាប់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ៕