(ភ្នំពេញ)៖ ខ្សែប្រយុទ្ធស្នូលរបស់ក្លិបបឹងកេត ម៉ាត់ នូរុណ បានលើកឡើងថា ការហ្វឹកហាត់ជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា គឺមានភាពងាយស្រួល និងធ្វើឲ្យខ្លួនទទួលបានចំណេះដឹងបាល់ទាត់ថ្មីៗដែលខ្លួនមិនធ្លាប់បានដឹងពីមុន។

ការលើកឡើងនេះ បន្ទាប់ពីខ្សែប្រយុទ្ធជំនាញជើងឆ្វេងខាងលើត្រូវបានកោះហៅចូលក្រុមធំនៃក្រុមជម្រើសជាតិកម្ពុជាលើកដំបូង ដែលទើបបញ្ចប់ការប្រកួតសេសសល់ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូល C (ជុំទី២) នៅប្រទេសបារ៉ែន កាលពីថ្មីៗដែលដឹកនាំផ្ទាល់ដោយលោក Keisuke Honda និងគ្រូបង្វឹក លោក Ryu Hirose។

កីឡាករខ្មែរឥស្លាមរូបនេះបានបញ្ជាក់ថា «សម្រាប់ការហាត់ជាមួយលោកគ្រូ Honda គាត់តែងតែផ្ដល់ដំបូន្មានល្អៗ ហើយចំណេះដឹងពីបាល់ទាត់ ដែលយើងមិនធ្លាប់ដឹងពីមុនមក ហើយគាត់ចែករំលែកបទពិសោធ អ្វីដែលជាកីឡាករអាជីពត្រូវធ្វើ? ហ្វឹកហាត់ជាមួយគាត់ ខ្ញុំគិតថា ងាយស្រួល គាត់តែងតែពន្យល់នៅពេលដែលយើងអត់យល់នូវចំណុចណាមួយ ដែលគាត់ចង់បាន គាត់ព្យាយាមពន្យល់យើងអស់ពីលទ្ធភាព ដើម្បីឲ្យយើងយល់អ្វីដែលគាត់ចង់បាន»

ដោយឡែកពាក់ព័ន្ធនឹងការប្រកួតនៅប្រទេសបារ៉ែនវិញ នូរុណ បានអះអាងថា ខ្លួនបានទទួលបទពិសោធល្អៗជាច្រើនពីការប្រកួតជាមួយក្រុមខ្លាំងៗ ទោះបីរូបគេត្រូវបានប្ដូរចូលលេង ២ប្រកួតក៏ដោយ។ នូរុណ និយាយថា «សម្រាប់ ៣ប្រកួតហ្នឹង ខ្ញុំមានឱកាសប្ដូរចូល ២ប្រកួត ប្រកួតជាមួយបារ៉ែន និងអ៊ីរ៉ង់ ហើយ ៣ប្រកួត ដែលយើងទៅលេងនៅបារ៉ែនហ្នឹង ខ្ញុំគិតថា វាផ្ដល់បទពិសោធជាច្រើន ដូចជាការប្រកួតប៉ះក្រុមខ្លាំងៗ យើងអាចមើលឃើញពីចំណុចខ្សោយរបស់ខ្លួនឯង ដើម្បីយកមកអភិវឌ្ឍខ្លួនឯងបន្ថែមទៀត...»

គួរបញ្ជាក់ថា ក្រោយបញ្ចប់បេសកកម្មប្រកួតជម្រុះ FIFA World Cup 2022 នៅប្រទេសបារ៉ែន បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា កំពុងធ្វើចត្ដាឡីស័ក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីធ្វើដំណើរមកដល់មាតុភូមិវិញកាលពីរាត្រីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ។ ចំពោះលទ្ធផល ៣ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា គឺបានចាញ់ម្ចាស់ផ្ទះបារ៉ែន ៨-០, ចាញ់អ៊ីរ៉ាក់ ៤-១ និងចាញ់អ៊ីរ៉ង់ ១០-០ កាលពីដើមខែកន្លងទៅ៕