(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងរៀបចំពិធីចាប់ឆ្នោតការប្រកួតវគ្គ Play-Off ដើម្បីស្វែងរកបេក្ខភាពបង្គ្រប់កៅអីជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ (AFC Asian Cup China 2023) នៅប្រទេសចិន នាវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី២៤ ខែមិថុនានេះ។ ដូច្នេះរសៀលនេះ នឹងដឹងថាតើក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមឆាយនីសតៃប៉ិ ឬកោះហ្គាំ ក្នុងវគ្គ Play-Off ដើម្បីប្រជែងកៅអីវគ្គចែកពូល?

សម្រាប់បេក្ខភាពត្រូវលេងវគ្គ Play-Off គឺមាន ៤ក្រុមក្នុងនោះក្រុមជម្រើសជាតិកម្ពុជា និងឥណ្ឌូនេស៊ី ស្ថិតនៅក្រឡទី១ (Pot-1) ខណៈក្រុមឆាយនីសតៃប៉ិ និងកោះហ្គាំ ស្ថិតនៅក្រឡទី២ (Pot-2)។ ដូច្នេះមានន័យថា ក្រុមគោព្រៃកម្ពុជាអាចនឹងត្រូវជួបក្រុមមួយក្នុង Pot-2 រវាងក្រុមឆាយនីសតៃប៉ិ និងកោះហ្គាំ គ្រាដែលការប្រកួត Play-Off គ្រោងធ្វើការប្រកួតជើងទី១ នាថ្ងៃទី០៧ ខែកញ្ញា និងជើងទី២ ប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

បច្ចុប្បន្នមាន ២២ក្រុមបានកំពុងឈរចាំនៅវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 រួមមានតាហ្ស៊ីគីស្ថាន, អ៊ូបេគីស្ថាន, គុយវ៉ែត, បារ៉ែន, តួកម៉េនីស្ថាន, ហ្ស៊កដានី, ប៉ាឡេស្ទីន, ម៉ាឡេស៊ី, ហ្វីលីពីន, កៀហ្ស៊ីស៊ីស្ថាន, ឥណ្ឌា, ថៃ, សិង្ហបុរី, ម៉ុហ្គោលី, អាហ្វហ្គានីស្ថាន, ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់, មីយ៉ាន់ម៉ា, យេម៉ែន និងបង់ក្លាដេស។ ដូច្នេះក្រុមទទួលបានជ័យជម្នះ ២ក្រុមក្នុងវគ្គ Play-Off នឹងត្រូវឡើងទៅបង្គ្រប់កៅអី ២៤ក្រុម នៃការប្រកួតជម្រុះជុំទី៣។

សម្រាប់ការប្រកួតជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ គ្រោងធ្វើការប្រកួតពីខែកុម្ភៈ ដល់ខែកញ្ញា នាឆ្នាំ២០២២ ខាងមុខ ដើម្បីចម្រាញ់រកក្រុមចំណាត់ថ្នាក់ល្អ ១១ក្រុមឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដែលគ្រោងប្រកួតពេញ ១ខែចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ចំពោះបេក្ខភាពកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញ គឺមាន ១៣ក្រុមរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕