(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី បានអះអាងថា ការចូលរួមលេងកីឡារបស់ប្រជាពលរដ្ឋ គឺជាការរួមចំណែកផ្ដល់កម្លាំងចិត្តយ៉ាងសំខាន់ដល់កីឡាករ-កីឡាការិនីគ្រប់រូប ពិសេសក្រុមជម្រើសជាតិ ក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា។ ហេតុនេះ សៀវម៉ី បានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីទទួលបានសុខភាពល្អផង និងចូលរួមអភិវឌ្ឍន៍វិស័យកីឡាជាតិផង។
ការលើកឡើងរបស់អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យនេះបានធ្វើឡើងក្នុងកម្មវិធី «ទិវាអូឡាំពិក» លើកទី១២៧ ឆ្នាំ២០២១ ដែលរៀបចំតាមប្រព័ន្ធ Online ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី២៣ ខែមិថុនាម្សិលមិញ។ ក្នុងនោះក៏មានការចូលរួមជាភ្ញៀវកិត្តិយសពីអតីតកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទីនី ដើម្បីចែករំលែកបទពិសោធរបស់ខ្លួន ក្នុងកម្មវិធីប្រចាំឆ្នាំនេះផងដែរ។
សៀវម៉ី បានចាត់ទុកកម្មវិធីទិវាអូឡាំពិកនេះ គឺជាការជួយដាស់តឿនស្មារតីឲ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ចូលរួមលេងកីឡា ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) គឺប្រជាពលរដ្ឋម្នាក់លេងកីឡាមួយមុខ។ ដូច្នេះក្នុងបរិបទកូវីដ-១៩ នេះ សៀវម៉ី បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមលេងកីឡា ព្រោះការលេងកីឡា មិនត្រឹមតែធ្វើឲ្យបងប្អូនមានសុខភាពល្អ និងអាចចៀសឆ្ងាយពីជំងឺនោះទេ តែថែមទាំងផ្ដល់កម្លាំងចិត្តដ៏សំខាន់ដល់កីឡាករ-កីឡាការិនីគ្រប់រូបទៀតផង។
កីឡាការិនីទើបទទួលបានងារជា «ជំទាវ» កាលពីដើមខែកុម្ភៈកន្លងទៅនេះបានបន្ដថា «ក្នុងនាមជាកីឡាការិនីម្នាក់ ពេលខ្ញុំឃើញប្រជាពលរដ្ឋខ្មែរ គាត់គាំទ្រកីឡា ពិសេសគាត់ស្រលាញ់ គាត់លេងកីឡា មិនថាទឹកចិត្តខ្ញុំ ឬកីឡាករ-កីឡាការិនីដទៃទេ គឺគាត់សប្បាយចិត្ត ព្រោះពួកខ្ញុំទាំងអស់គ្នា ត្រូវការកម្លាំងចិត្តពីពួកគាត់ ចឹងបើសិនជាគាត់លេងកីឡា សបញ្ជាក់ឲ្យឃើញថា គាត់ក៏គាំទ្រ គាត់ក៏ស្រលាញ់ អញ្ចឹងវាជាការផ្ដល់កម្លាំងចិត្តដល់កីឡាករ-កីឡាការិនីយើងទាំងអស់គ្នាថា ពួកគាត់ទាំងអស់គ្នាអត់ឯកាទេ ព្រោះប្រជាពលរដ្ឋខ្មែរ គឺស្រលាញ់កីឡាទាំងអស់គ្នា»។
គួរដឹងថា ទិវាអូឡាំពិក គឺជាកម្មវិធីប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកអន្ដរជាតិ ដែលបណ្ដាប្រទេសសមាជិក តែងតែរៀបចំនៅអំឡុងខែមិថុនា ខណៈកម្ពុជា បានជ្រើសរើសយកថ្ងៃទី២៣ ខែមិថុនា ដើម្បីរៀបចំកម្មវិធីនេះ។ ប៉ុន្ដែឆ្នាំនេះ ទិវាអូឡាំពិក ត្រូវបានរៀបចំតាមប្រព័ន្ធ Online លើកដំបូង ពុំមានការប្រមូលផ្ដុំ និងសកម្មភាពលេងកីឡាដូចឆ្នាំមុនៗនោះទេ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តែក្នុងការរៀបចំតាម Online នោះ ក្រៅពីវត្តមានកីឡាករ-កីឡាការិនីជម្រើសជាតិជាច្រើន NOCC ក៏បានរៀបចំជា Zoom អនុញ្ញាតឲ្យមហាជនចូលរួមផងដែរ។
អ្វីដែលពិសេសក្នុងថ្ងៃទិវាអូឡាំពិកនោះ NOCC និងគណៈកម្មាធិការជាតិ CAMSOC ក៏បានបើកយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំមួយ ក្នុងការផ្សព្វផ្សាយនូវចលនាអូឡាំពិកដ៏ធំនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អមជាមួយយុទ្ធនាការ «យើងនាំគ្នាឆ្ពោះទៅ SEA GAMES-ASEAN PARA GAMES ឆ្នាំ២០២៣ ទាំងអស់គ្នា» ទៀតផង៕