(ម៉ូនិច)៖ សម្រាប់រាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ និងឈានចូលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះពុំមានការប្រកួតពានរង្វាន់អឺរ៉ុប European Championship 2020 នោះទេ ដោយសម្រាក ១ថ្ងៃ ដ្បិតការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលត្រូវបានបិទបញ្ចប់ និងរកឃើញក្រុមខ្លាំង២ ប៉ះគ្នានៅវគ្គ ១៦ក្រុមចុងក្រោយផងដែរ។
ការប្រកួតវគ្គសន្សំពិន្ទុបានដំណើរការតាំងពីថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយមាន ២៤ប្រទេស (ក្រុម) ចូលរួមរហូតដល់ថ្ងៃបិទបញ្ចប់នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឆ្នាំដដែលនេះ មានរយៈពេល ១៣ថ្ងៃធ្វើឡើងនៅ ១១ប្រទេសស្មើនឹង ១២កីឡដដ្ឋានផងដែរទូទាំងទ្វីបអឺរ៉ុប។
ជាលទ្ធផលបានរកឃើញ ១២ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ ចេញពីពូលនីមួយៗ ដ្បិតក្រុមលេខ៣ ល្អបំផុត (មានពិន្ទុខ្ពស់ជាងគេ) ចំនួន ៤ក្រុមផ្សេងទៀតក៏ត្រូវបានរកឃើញផងដែររួមមាន ព័រទុយហ្គាល់ ស្វីស អ៊ុយក្រែន និងសាធារណរដ្ឋឆេក ដើម្បីឡើងទៅបង្រ្គប់កៅអីវគ្គ ១៦ក្រុមផងដែរ។
ក្នុងវគ្គ ១៦ក្រុមនោះដែរមាន ២ក្រុមខ្លាំងដែលត្រូវប៉ះគ្នាផងដែររួមមាន ប៊ែលហ្សិកដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ នៃពូល B ត្រូវប៉ះក្រុមលេខ៣ ចេញពីពូល F ចុងក្រោយគេ។ នេះជាលើកទី២ ផងដែរសម្រាប់បច្ចខែលព័រទុយហ្គាល់ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ល្អនៃការប្រកួតសន្សំពិន្ទុក្នុងពូលដូចកាល Euro 2016 នៅបារាំងទៀតផង និងឈ្នះពានមាន ៤ឆ្នាំម្តងនេះទៀតដែរ និងអង់គ្លេសប៉ះអាល្លឹម៉ង់។ អង់គ្លេសជាក្រុមលេខ១ ចេញពីពូល D គ្រាដែលឥន្រ្ទីដែកអាល្លឹម៉ង់ជាក្រុមលេខ២ ចេញពីពូល F៕