(ភ្នំពេញ)៖ គម្រោងទីក្រុងរាមថ្មី តម្លៃ១៦ពាន់លានដុល្លារ កំពុងលេចរូបរាងឡើង នៅលើទំហំដីប្រមាណ ៨៣៤ហិកតា នៅក្រុងព្រះសីហនុ ដែលមានការវិនិយោគដោយក្រុមហ៊ុន Canopy Sands ជាគម្រោងវិនិយោគមួយ ក្នុងចំណោមការវិនិយោគអចលនទ្រព្យធំជាងគេ នៅកម្ពុជា។

ទីក្រុងរាម គឺជាទីក្រុងធំជាងគេមួយ របស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុន Canopy Sands ក៏មានគោលបំណងប្រែក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងបង្កើតជាមជ្ឈមណ្ឌលលំនៅដ្ឋានថ្មីដ៏ធំមួយផងដែរ។

ក្រុមហ៊ុន Canopy Sands គឺជាសមាជិកនៃក្រុមហ៊ុន Prince Holding Group ជាក្រុមហ៊ុនពហុផលិតផលដ៏ធំជាងគេមួយនៅប្រទេសកម្ពុជា ដែលដឹកនាំដោយលោកប្រធាន អ្នកឧកញ៉ា Chen Zhi ។

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានថ្លែងថា «មិនត្រូវបាក់ទឹកចិត្តនៅពេលជួបនឹងបញ្ហាប្រឈម នាពេលបច្ចុប្បន្ននេះទេ ពេលនេះជាពេលវេលាដ៏សែនលំបាក ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយ ក្នុងការជួយឲ្យងើបឡើងវិញនៃសេដ្ឋកិច្ច នៅពេលដែលជំងឺរាតត្បាតនេះត្រូវបានកម្ចាត់»

លោកបញ្ជាក់ទៀតថា «យើងមានគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាល ដែលនឹងជួយអភិវឌ្ឍន៍ដល់បុគ្គលិកផ្នែកសេវាកម្មរបស់យើង និងកសាងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ យើងកំពុងស្វែងរកដៃគូ ក្នុងតំបន់សម្រាប់ការអប់រំវិជ្ជាជីវៈដែលល្អ សម្រាប់យុវជននៅខេត្តព្រះសីហនុ ព្រោះវានឹងជួយរៀបចំពួកគេឲ្យកាន់តែប្រសើរឡើង សម្រាប់ឱកាសការងារជាច្រើន នៅក្នុងវិស័យសេវាកម្ម មិនថាជាមួយពួកយើង ឬអ្នកផ្សេងទៀតនៅក្នុងតំបន់នោះទេ»

លោកបន្ថែមថា នៅឆ្នាំ២០២៥ អ្នកនឹងឃើញដំណាក់កាលទី១ នៃទីក្រុងរាមបញ្ចប់រួចរាល់ ដោយមានហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច ដែលពិតជាគួរឲ្យរំភើបណាស់។ អ្នកនឹងឃើញប្រជាជន ក្នុងស្រុកជាច្រើនឈានទៅរកការអភិវឌ្ឍ និងកម្រិតការងារមានការកើនឡើង ដែលជាកត្តាបន្ថែមដ៏ល្អមួយ ជំរុញដល់សេដ្ឋកិច្ចក្នុងស្រុក។

លោកបន្តថា បន្ទាប់មកនៅពេល១០ឆ្នាំក្រោយ អ្នកនឹងឃើញនូវអ្វីដែលហៅថា ដំណាក់កាលទី១ បានលេចចេញជារូបរាងច្បាស់លាស់ ដែលជាការអភិវឌ្ឍលើទំហំដី៤០០ហិកតា ហើយនៅពេលដំណាក់កាលទី១រួចរាល់ ១០ឆ្នាំក្រោយទៀត ដំណាក់កាលទី២ នឹងចាប់ផ្តើមអភិវឌ្ឍន៍លើទំហំដី៤០០ហិកតាបន្ថែមទៀត អ្នកនឹងឃើញទីក្រុងថ្មីលេចចេញជារូបរាងឡើង។

លោកបានរំលឹកថា ទីក្រុងរាមកំពុងលេចចេញជារូបរាង ហើយនៅពេលទីក្រុងរាមថ្មី ត្រូវបានសាងសង់ក្នុងរយៈពេល ១៥-២០ឆ្នាំបន្ទាប់ អ្នកទាំងអស់គ្នានឹងឃើញពីរបៀបដែលទីក្រុងចាស់ និងទីក្រុងថ្មីនេះបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកផងដែរ៕