(ភ្នំពេញ)៖ ការចាប់ឆ្នោតប្រកួតវគ្គ Play-Off ដើម្បីដណ្ដើមកៅអីវគ្គចែកពូលជុំទី៣ នៃការប្រកួតជើងឯកពានរង្វាន់ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន (AFC Asian Cup-China 2023) នៅរសៀលថ្ងៃទី២៤ ខែមិថុនានេះបានបញ្ចប់ហើយ ដោយលទ្ធផលក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបកោះហ្គាំ ខណៈក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវជួបឆាយនីសតៃប៉ិ។

ចំពោះកម្មវិធីប្រកួតវគ្គ Play-Off នេះ ក្រុមនីមួយៗនឹងត្រូវធ្វើការប្រកួត ២ជើងដើម្បីកាត់សេចក្ដីរកក្រុមខ្លាំង ២ក្រុមឡើងទៅបង្គ្រប់កៅអីវគ្គចែកពូលជុំទី៣ (វគ្គ ២៤ក្រុមចុងក្រោយ) នៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ដោយជើងទី១ នឹងប្រកួតនាថ្ងៃទី០៧ ខែកញ្ញា និងជើងទី២ ប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

សម្រាប់ក្រុមគោព្រៃកម្ពុជា និងកោះហ្គាំ ធ្លាប់មានប្រវត្តិជួបគ្នា ២ដងមកហើយ ដោយបញ្ចប់ក្នុងលទ្ធផលឈ្នះចាញ់គ្នាម្ដងម្នាក់ ក្នុងនោះជួបគ្នាលើកទី១ នៅក្នុងពានរង្វាន់ AFC Challenge Cup 2006 នៅប្រទេសបង់ក្លាដេស កម្ពុជាបានយកឈ្នះកោះហ្គាំ ៣-០ ខណៈជួបគ្នាលើកទី២ ជាលក្ខណៈមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កម្ពុជាបានចាញ់កោះហ្គាំវិញ ២-០។

គួរដឹងថា បច្ចុប្បន្នពានរង្វាន់ AFC Asian Cup-China 2023 មាន ២២ក្រុមកំពុងឈរចាំនៅជុំទី៣ រួមមានតាហ្ស៊ីគីស្ថាន, អ៊ូបេគីស្ថាន, គុយវ៉ែត, បារ៉ែន, តួកម៉េនីស្ថាន, ហ្ស៊កដានី, ប៉ាឡេស្ទីន, ម៉ាឡេស៊ី, ហ្វីលីពីន, កៀហ្ស៊ីស៊ីស្ថាន, ឥណ្ឌា, ថៃ, សិង្ហបុរី, ម៉ុហ្គោលី, អាហ្វហ្គានីស្ថាន, ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់, មីយ៉ាន់ម៉ា, យេម៉ែន និងបង់ក្លាដេស។ ដូច្នេះក្រុមទទួលបានជ័យជម្នះ ២ក្រុមក្នុងវគ្គ Play-Off នឹងត្រូវឡើងទៅបង្គ្រប់កៅអី ២៤ក្រុមចុងក្រោយ។

ចំពោះការប្រកួតជម្រុះជុំទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីនេះវិញ គ្រោងធ្វើការប្រកួតពីខែកុម្ភៈដល់ខែកញ្ញា នាឆ្នាំ២០២២ ខាងមុខ ដើម្បីចម្រាញ់រកក្រុមចំណាត់ថ្នាក់ល្អ ១១ក្រុមឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន ដែលគ្រោងប្រកួតពេញ ១ខែចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ចំពោះបេក្ខភាព កំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រគឺមាន ១៣ក្រុម រួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕